យុវជនត្រូវតែបញ្ចេញភាពខ្លាំងរបស់ខ្លួន! យុវជនត្រូវតែមានអំណាច និងហ៊ានប្រើប្រាស់អំណាចរបស់ខ្លួន! យុវជនត្រូវតែជាអ្នកធ្វើអោយមានការអភិវឌ្ឈន៍!

12/27/2011

សិក្ខាសាលាស្តីពីបញ្ហាយុវជន និងការចងក្រង

នេះគឹជាវគ្គសិក្ខាសាលាមួយស្តីពី បញ្ហាយុវជន និងការចងក្រង​ ទៅដល់​សមា​ជិក សមាជិកា របស់បណ្តាញយុវជនកម្ពុជា ដែលមានសមាជិក និងនិស្សិតចំនួន ៣០ នាក់​បានចូលរួម កាលពីខែ ឧសភា ឆ្នាំ ២០១១ កន្លងទៅនេះ នៅទីស្នាក់​ការ​កណ្តាល​របស់បណ្តាញយុវជនកម្ពុជា។    
រូបថត: លោក ស ម៉ូរី
 វគ្គសិក្ខាសាលានេះបានរៀបចំឡើងក្រោមការចូលរួមចំណែកធ្វើបទបង្ហាញដោយលោក វន់ ពៅ ប្រធានសមាគម​ប្រជាធិប​តេយ្យ​ឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) និងអ្នកសម្រប​សម្រួល​របស់​បណ្តាញយុវជនកម្ពុជាផងដែរ។ គោលបំណង​សំខាន់​នៃវគ្គ​សិក្ខា​សាលានេះគឺចង់ផ្តល់ឱកាស​ឱ្យយុវជន​បាន​សំដែងនូវមតិមានកង្វល់ និងផលលំបាក ដែលទាំងនេះ​គឺជាបញ្ហារបស់​យុវជនកម្ពុជា​ដែល​កំពុង​ជួប​​ប្រទះ​នៅក្នុងពេលបច្ចុប្បន្ន​នេះ។​ សមាជិក សមាជិកា និងយុវជន​ដ៏ទៃទៀត​បានលើក​ឡើងនូវ កង្វល់​ក៏ដូជា​បញ្ហាផ្សេងៗ ដែលយុ វ​​​ជនបានកំពុងនឹងប្រឈម ដែលរួម​មាន​បញ្ហា​ដូចជា ការអប់រំពុំ សូវមានគុណភាព ភាពអត់ការងារធ្វើ ខ្វះលទ្ធភាព បន្តការសិក្សា នៅមហាវិទ្យាល័យ បញ្ហាគ្រួសារ ខ្វះសមត្ថភាពក្នុការទំនាក់ទំនង មជ្ឈដ្ឋានជុំវិញខ្លួន ខ្វះសមត្ថភាព និងការខ្វះ​នូវទំនុក​ចិត្ត​ខ្លួនឯង ខ្វះសីលធម៌  និងបញ្ហា​ដទៃ​ទៀត​ជា​ច្រើន​ត្រូវ​បានលើកឡើង។ ហើយបញ្ហាទាំងនេះកាន់​តែធ្វើឱ្យ​មានភាព​តានតឹង​ឡើងៗ​ពីមួយ​ថ្ងៃទៅមួយ​ថ្ងៃនៅក្នុង​សង្គម​​កម្ពុជា។​
បន្ទាប់ពីមានកាលើកឡើងបញ្ហារួមមក យើង​បានឱ្យ​ពួក​គេបែងចែកជាក្រុមតូចៗដើម្បីពិភាក្សា​ទៅ​លើ​បញ្ហា​ទាំង​នេះ។ ពួកគេ​បានពិភាក្សា ទៅតាមក្រុមនី​មួយៗ​ទៅយ៉ាង​យក​ចិត្ត​ទុកដាក់ ហើយក្រោយ​មក​យើងបានចាត់តាំង​ឱ្យមានតំ​ណាង​​​ក្រុមម្នាក់​តាមក្រុម​នីមួយៗ ឱ្យទៅបង្ហាញ ពីអ្វីដែលខ្លូន​បាន​ពិភាក្សា​ក្នុង​ក្រុមទៀតផង។
ហើយបន្ទាប់ពីការ​លើកឡើង​ពីបញ្ហា​នានា​ និងការពិភាក្សារួចមកហើយនោះ​ អ្នកធ្វើបទបង្ហាញ និងអ្នកសម្របសម្រួល​បានបក​ស្រាយ និងពន្យល់បន្ថែមពីមូលហេតុ​ដែល​បណ្តាល​ឱ្យកើតមាន នូវបញ្ហា ទាំងអស់នេះឡើងដល់សិក្ខាកាមទាំងអស់ ថានេះ​គឺ​បណ្តាល​មកពីខ្លួនឯង និងបរិយាកាសសង្គម​របស់​យើង។​
ជាចុងក្រោយ លោក វន់ ពៅ បានមានប្រសាសន៍ថា ដើម្បីដោះស្រាយបញ្ហានេះ យុវជនទាំងអស់ ត្រូវខិតខំរៀនសូត្រ​ដើម្បី​ឱ្យ​មាន​ចំនេះដឹង មានសមត្ថភាព មានការងារធ្វើ មានសីលធម៍ក្នុងខ្លួន និងចេះ​កសាង​ទំនុកចិត្តរបស់ខ្លួន ដើម្បីឱ្យក្លាយ​ទៅជាធនធាន​មនុស្ស​ដ៏ចាំបាច់សម្រាប់កសាង​ប្រទេសជាតិ ព្រោះ​យុវជនគឺជាកំលាំង និងធនធានដ៏សំខាន់នៅក្នុងសង្គមកម្ពុជា ក៏ដូចជាសង្គម​ដ៏ទៃ​ទៀតដែរ។