សេចក្តីអំពាវនាវ
រួមគ្នាការពារព្រៃឡង់
រាជធានីភ្នំពេញ, ថ្ងៃទី ០៨ ខែ
វិច្ឆិកា ឆ្នាំ ២០១១
ដោយឃើញថាព្រៃឡង់ គឺជាព្រៃឈើ
ដែលមានទំហំធំជាងគេនៅក្នុងប្រទេសកម្ពុជាយើង ហើយហ៊ុំព័ទ្ធ ខេត្តចំនួនបួនមាន
ខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ និងខេត្តស្ទឹងត្រែង។ព្រៃនេះសំបូរទៅដោយដើមឈើធំៗ មានអាយុកាលរាប់រយឆ្នាំ
ដែលមាន ប្រភេទ ព្រៃផ្សេងៗគ្នា មាន ព្រៃស្រោង
ព្រៃពាក់កណ្ដាលស្រោង និងព្រៃរបោះ។ ព្រៃទាំងនេះមាន សារៈសំខាន់ចំពោះប្រទេសជាតិ
ទាំងមូល ជាពិសេសប្រជាជន ដែលរស់នៅតំបន់ជិតព្រៃនេះ ដែលអាស្រ័យដោយផល និងអនុផលរបស់វា។
លើសពីនេះទៅទៀតព្រៃឡង់ មានតំលៃខាង ប្រព័ន្ធជីវសាស្រ្តខ្ពស់បំផុត
ហើយវាជាទីជម្រករបស់ពូជសត្វកម្រ និងជិតផុតពូជចំនួន២៧ប្រភេទ រួមទាំងដើមឈើប្រណីតធំៗ
ចំនួន២០ប្រភេទ ហើយវាក៏ជាទីជំរកសំខាន់ សម្រាប់សត្វគ្រប់ប្រភេទ។
ក៏ប៉ុន្តែសព្វថ្ងៃនេះព្រៃឡង់កំពុងទទួលរងនូវការកាប់បំផ្លាញយ៉ាងធ្ងន់ធ្ងរ
ដូចនេះក្នុងនាមយើងជាយុវជនខ្មែរ សូមចូលរួមថែរក្សាការពារ
នូវធនធានធម្មជាតិដ៏មានតំលៃនេះ ឲ្យនៅគង់វង្សសម្រាប់ ជាប្រយោជន៏ដល់កូនចៅជំនាន់ក្រោយ
ហើយថ្ងៃនេះ យើងខ្ញុំតំណាងឲ្យ ប្រជាពលរដ្ឋ
ក៏ដូចជាយុវជនខ្មែរ ដែលស្រលាញ់នូវធនធានធម្មជាតិ សូមធ្វើការបួងសួងក្នុងគោលបំណង៖
Ø ផ្សព្វផ្សាយពីអត្ថប្រយោជន៏
និងផលប៉ះពាល់នៃព្រៃឡង់
Ø បង្កើនស្មារតីក្នុងការចូលរួមថែរក្សាការពារព្រៃឡង់
Ø បញ្ឈប់រាល់ការកាប់បំផ្លាញព្រៃឡង់
ដោយយោងឃើញថា
ព្រៃឡង់គឺជាព្រៃ ដែលមានគុណប្រយោជន៏យ៉ាងធំធេងដូចបានរៀបរាប់ខាងលើ យើងខ្ញុំសូម ផ្ញើសារនេះជូនទៅដល់ស្ថាប័នពាក់ព័ន្ធ
ឲ្យចូលរួមចំនែកក្នុងកិច្ចការពារធនធានធម្មជាតិ ដែលជាប្រយោជន៍
ដ៏យូរអង្វែងទៅថ្ងៃអនាគត់។
ក្នុងនាមយើងខ្ញុំជា យុវជនសូមអំពាវនាវដល់ប្រជាពលរដ្ឋ
និងស្ថាប័នពាក់ព័ន្ឋទាំងអស់ចូលរួមក្នុង ការថែរក្សាការពារព្រៃឡង់ ដែលជាព្រៃរបស់យើងទាំងអស់គ្នា។