ដោយៈ ស ម៉ូរី
នៅថ្ងៃទី០៥ មិថុនា ឆ្នាំ២០១២ បណ្តាញយុវជនកម្ពុជា(CYN) បានរៀបចំប្រារព្ធទិវាបរិស្ថាន ពិភពលោក ខួបលើកទី៤០ដោយបានសហការជាមួយ សមាគមប្រជាធិបតេយ្យឯករាជ្យនៃ សេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្ម កម្ពុជា (CFSWF) បណ្តាញកសាងសន្តិភាពសហគមន៍ (CPN) សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA) បណ្តាញសហគមន៍ព្រៃឡង់ បណ្តញឱរ៉ាល់ និងសហគមន៍ស្ករអំពៅស្អាតស្អំ។ នៅក្នុងការប្រារព្វទិវានេះ ក៏មានការចូលរួមយ៉ាងច្រើនពីសំណាក់ អង្គការ សង្គមស៊ីវិល ជាតិ និងអន្តរជាតិ សហគមន៍បឹងកក់ និងបុរីកីឡា រួមជាមួយអ្នកសារព័ត៌មាន ជាច្រើនរូប។
គោលបំណងនៃការរៀបចំទិវាបរិស្ថានពិភពលោកនេះឡើងគឺដើម្បីៈ
- បង្ហាញពីការព្រួយបារម្ភរួមរបស់សកម្មជនការពារបរិស្ថាន និងជាការបង្ហាញសារមួយ របស់យុវជនចំពោះបញ្ហាព្រៃឈើ និងធនធានធម្មជាតិ
- ដើម្បីឱ្យយុវជនបានផ្លាស់ប្តូរនូវបទពិសោធន៍ និងបង្ហាញពីសារៈប្រយោជន៍នៃព្រៃឈើ ហើយចាត់វិធានការគ្រប់គ្រង និងការការពារបរិស្ថានប្រកបដោយប្រសិទ្ធិភាព
- ជំរុញឱ្យរដ្ឋាភិបាលទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើបញ្ឈប់ការផ្តល់ដីសម្បទាន សេដ្ឋកិច្ច សម្បទានរ៉ែ ដើម្បីធានាការប៉ះពាល់ដល់បរិស្ថានធ្ងន់ធ្ងរ
ទិវានេះត្រូវបានចាប់ផ្តើមនៅម៉ោង ៨: ០០ ព្រឹក នៅមុខវិមានរដ្ឋសភាជាតិ ដែលជាស្ថាប័ន កំពូលនៃប្រទេសកម្ពុជា ដោយមានការជួបជុំគ្នា ពីសំណាក់សិស្ស និស្សិត ប្រជាសហគមន៍ តំណាងអង្គការ សង្គមស៊ីវិលប្រមាណ៤០០នាក់។ នៅក្នុងការប្រារព្ធទិវានេះ យុវជន និងអ្នកចូល រួមបាននាំគ្នាកាន់កូនឈើ ពាក់មុខជារូបសត្វព្រៃដែលបង្ហាញពីការប្រឈមនឹងការបាត់បង់ និងមានផាត់ពណ៌ប៉ៃតងលើផ្ទៃមុខជារូបអវតាតំណាងអ្នកការពារព្រៃឈើ និងពាក់អាវរូបលោក ឈុត វុទ្ធី ដែលជាសកម្មជនការពារព្រៃឈើ ដែលត្រូវបានគេបាញ់សម្លាប់នៅខេត្តកោះកុងដើម្បី បង្ហាញពីវីរៈភាព និងធ្វើការគោរពវិញ្ញាណក្ខ័ន្ត ជូនចំពោះលោកដែលបានបាត់បង់ជីវិតក្នុងបុព្វហេតុ ការពារព្រៃឈើ និងធនធានធម្មជាតិ។ ហើយអ្នកចូលរួមទាំងអស់បានហែក្បួននៅមុខរដ្ឋសភាជាតិ ចំនួន១ជុំ ដោយមានលើកបដាដែលមានសារផ្សេងៗគ្នាស្តីពី ការការពារបរិស្ថាន និងសារៈសំខាន់ នៃធនធានធម្មជាតិ និងមានការស្រែកទាមទារ និងអំពាវនាវឱ្យមានការចូលរួមពី សាធារណៈជន ក្នុងការពារព្រៃឈើ និងបរិស្ថាន។ ក្រោយពីការហែរក្បួនបានមួយជុំអ្នកចូលរួមទាំងអស់បាន មកជុំគ្នាមួយ កន្លែងនៅមុខសភាជាតិដើម្បីធ្វើការបង្ហាញពីចំណាប់អារម្ភណ៍ និងការព្រួយបារម្ភ របស់ខ្លួននៅក្នុងឱកាសប្រារព្ធទិវាបរិស្ថាននេះ ។
បន្ទាប់មកតំណាងចំនួន៤នាក់ មកពីបណ្តាញយុវជនកម្ពុជា សមាគមប្រជាធិបតេយ្យឯក រាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បណ្តាញកសាងសន្តិភាពសហគមន៍ និងបណ្តាញឱរ៉ាល់ ត្រូវបាន អនុញ្ញាតចូលក្នុងរដ្ឋសភាជាតិដើម្បីដាក់ញត្តិជូនប្រធានរដ្ឋសភាជាតិ ហើយញត្តិត្រូវបានទទួល ដោយគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ដោយបានសន្យាថា និងបញ្ចូនសំណើរនេះទៅកាន់សម្តេចប្រធារដ្ឋសភា។ ខ្លឹមសារនៃញត្តិ គឺយើង ធ្វើការស្នើរទៅរដ្ឋសភាដើម្បីធ្វើការពិនិត្យចំពោះការអនុវត្តច្បាប់ និងជម្រុញឱ្យរាជរដ្ឋាភិលចាត់ វិធានការដូចខាងក្រោមៈ
- ជំរុញរាជរដ្ឋាភិបាលបញ្ឈប់រាល់បទល្មើសព្រៃឈើដែលកំពុងកើតមាន
- គ្រប់គ្រង់ការប្រើប្រាស់ធនធានធម្មជាតិឲ្យមានតម្លាភាព និងគណនេយ្យភាពឱ្យមាន
ការវាយតម្លៃផលប៉ះពាលត្រឹមត្រូវ
- ជុំរុញឲ្យអាជ្ញាធរ សមត្ថកិច្ច និងស្ថាប័នរដ្ឋាភិបាលអនុវត្តតាមលេខបទបញ្ជាលេខ០១ របស់ រាជរដ្ឋាភិបាល ស្តីពីការបញ្ឈប់ការផ្តល់ដីសម្បទានសេដ្ឋកិច្ចឱ្យមានប្រសិទ្ធិភាព។
- រដ្ឋាភិបាលត្រូវតែដាក់ទោសទណ្ឌចំពោះមន្ត្រីទាំងឡាយណាដែលឃុបឃិតជាមួយឈ្មួញ ក្នុងការកាប់បំផ្លាញព្រៃឈើខុសច្បាប់។
- គាំទ្រ និងទទួលស្គាល់សកម្មភាពសហគមន៍ សមាគម សិស្ស និស្សិតដែលខិតខំព្រឹងប្រែងការពារធនធានធម្មជាតិ
- បញ្ឈប់ការគំរាមកំហែងគ្រប់រូបភាពមកលើអ្នកការពារព្រៃឈើ ការពារធនធានធម្មជាតិ និង បរិស្ថាន
បន្ទាប់មកទៀត តំណាងមកពីស្ថាប័នរៀបចំកម្មវិធីទាំងអស់បាននាំគ្នាដើរពីមុខរដ្ឋសភា ជាតិឆ្ពោះទៅកាន់ព្រះអង្គដងកើដើម្បីធ្វើការបួងសួងសុំសេចក្តីដល់សកម្មជនការពារព្រៃឈើទាំង និងបរិស្ថានទាំងអស់ដែលកំពុងតែធ្វើការដើម្បីអភិរក្ស និងការពារ។ នៅក្នុងសារបួងសួងនេះ យើង ក៏ឧទ្ទិសទៅដល់បារមីរបស់ព្រះអង្គដងកើ និងវត្ថុស័ក្តសិទ្ធិទាំងអស់ជួយថែរក្សាសម្បត្តិធម្មជាតិ នានា។ និងជាសារមួយផ្ញើរទៅសាធារណៈជនឱ្យចូលរួមក្នុងការពារបរិស្ថានទាំងអស់គ្នា និងរាជរដ្ឋាភិបាលឱ្យចាត់វិធានការចំពោះការបរិស្ថានឱ្យមាននិរន្តរភាព ហើយដាក់ទោសទណ្ឌ ចំពោះមន្ត្រីដែលឃុបខិតជាមួយឆ្មួញទុច្ចរិត។
ការប្រាព្ធទិវានេះ ត្រូវបានបញ្ចប់នៅម៉ោង១១ ព្រឹកបន្ទាប់ពីការជួបជុំគ្នានៅមុខរដ្ឋសភា ជាតិ និងធ្វើការបួងសួងនៅមុខព្រះអង្គដងកើរួមមក។
No comments:
Post a Comment