យុវជនត្រូវតែបញ្ចេញភាពខ្លាំងរបស់ខ្លួន! យុវជនត្រូវតែមានអំណាច និងហ៊ានប្រើប្រាស់អំណាចរបស់ខ្លួន! យុវជនត្រូវតែជាអ្នកធ្វើអោយមានការអភិវឌ្ឈន៍!

4/09/2012

តំណាងសមាគម សហគមន៍ និង អង្គការសង្គមស៊ីវិលចំនួន១៨ ដាក់ញត្តិទាមទារបញ្ចុះថ្លៃសាំង

ដោយ៖ ស ម៉ូរី

       នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១២ តំណាងអ្នករត់រមកទេសចរណ៍ និងអ្នករត់ម៉ូតឌុប ដែលជាសមាជិក សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និតំណាង មកពីសហព័ន្ធសហជីព សមាគមកសិករ បណ្តាញយុវជន សហគមន៍ និងតំណាងអង្គការ សង្គមស៊ីវិលប្រមាណ ២០០ នាក់ មកពីចំនួន ១៨ ស្ថាប័នបានមកប្រមូលផ្តុំគ្នាអស់រយះពេល ជាងពីម៉ោងនៅមុខរដ្ឋសភាជាតិ។
លោក ឯម ខេមរា កំពុងថ្លែងពីបញ្ហានៃការឡើងថ្លៃសាំងនៅមុខរដ្ឋសភាជាតិ
ការប្រមូលផ្តុំនៅព្រឹកនេះគឺដើម្បីដាក់ញត្តិស្នើ ទៅរាជរដ្ឋាភិបាលដើម្បីធ្វើអន្តរាគមន៍ បញ្ចុះថ្លៃសាំង ដែលកំពុងតែឡើងថ្លៃពីមួយថ្ងៃ ទៅមួយថ្ងៃរហូតដល់៦០០០រៀល ឱ្យធ្លាក់ មកត្រឹមតម្លៃ ៤០០០រៀល ក្នុងមួយលីត ដើម្បីឱ្យមានតម្លៃ ប្រហាក់ប្រហែលទៅ និង ប្រទេសជិតខាង និងប្រទេសដែលជាសមាជិក អាស៊ានទាំងអស់។
ការកើនឡើងនូវតម្លៃប្រេងសាំងនេះហើយ ដែលជាហេតុធ្វើឱ្យទំនិញសព្វសារពើនៅលើទីផ្សារ ឡើងថ្លៃ ហើយធ្វើឱ្យប៉ះពាល់ យ៉ាងខ្លាំង ដល់ការប្រកបមុខរបរចិញ្ចឹមជីវិតរបស់ ប្រជាពលរដ្ឋខ្មែរទាំងមូល ជាពិសេស អ្នករត់រមកទេសចរណ៍ អ្នករត់ម៉តូឌុប និងកសិករ។


     នៅក្នុងឱកាសនេះ តំណាងសមាគម សហព័ន្ធសហជីព សហគមន៍ បណ្តាញយុវជន និងបណ្តាអង្គការ សង្គមស៊ីវិលទាំងអស់បានធ្វើការស្នើរួមគ្នានៅក្នុងញត្តិថា “ យើងស្នើរឱ្យរាជរដ្ឋាភិបាលធ្វើការបញ្ចុះថ្លៃសាំង ព្រោះការកើនឡើងនូវតម្លៃខ្ពស់ គឺជាដើមហេតុនៃការកើតឡើងនូវជំងឺសង្គម ដូច្នេះរាជរដ្ឋបាភិបាលគួរតែមាន វិធានការទប់ស្កាត់នៃការកើនឡើងថ្ងៃសាំងនេះជាបន្ទាន់” ។
    ​  លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានថ្លែងនៅក្នុង ការជួបជុំគ្នានៅមុខរដ្ឋសភាថា “ ការទាមទារឱ្យមានការបញ្ចុះថ្លៃសាំងនេះ គឺជាការទាមទាររបស់ កម្មករ កសិករ សិស្ស និស្សិត និងប្រជាពលរដ្ឋខ្មែរទាំងមូល។ យើងស្នើរទៅរដ្ឋាភិបាលបញ្ចុះថ្លៃសាំង នៅក្នុងប្រទេសកម្ពុជាឱ្យស្មើរ និងប្រទេសដែលជាសមាជិកអាស៊ានព្រោះបច្ចុប្បន្នតម្លៃសាំងនៅក្នុង ប្រទេសកម្ពុជាយើងគឺខ្ពស់ជាង បណ្តាប្រទេសទាំងអស់នោះ”។
      តំណាងរបស់បណ្តាញយុវជនកម្ពុជា លោក ឯម ខេមរា ក៏បានមានប្រសាសន៍បញ្ជាក់ថា“ ថ្លៃសាំងនៅ ក្នុងប្រទេសកម្ពុជាយើងកំពុងឡើងថ្លៃខ្ពស់ជាងបណ្តាប្រទេសក្នុងតំបន់ ហើយការ ឡើងថ្លៃនៃប្រេងឥន្ធនៈនេះ វាបានប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពសិស្ស និស្សិត កសិករ កម្មករ មន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋទាំងមូល។ លោកក៏បានស្នើរទៅរាជរដ្ឋាភិបាលគួរតែទទួលយក សំណើរនេះទៅដោះស្រាយ ព្រោះវាជាបញ្ហារបស់សង្គមជាតិ ទាំងមូល”។
     លោកមឿន តុលា ប្រធានកម្មវិធីសិទ្ធិការងារមកពីមជ្ឈមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់ សហគមន៍ បានលើកឡើងបន្ថែម “ កាលណាបើតម្លៃសាំងឡើង គឺវាប៉ះពាលដល់គ្រប់វិស័យ ហើយលោកបាន ស្នើឱ្យរាជរដ្ឋា ភិបាលធ្វើការពិចារធ្វើយ៉ាងណាឱ្យក្រុមហ៊ុនប្រេងនៅកម្ពុជា ធ្វើយ៉ាងណាឱ្យក្រុមហ៊ុន ទាំងនោះធ្វើការប្រកួត ប្រជែងគ្នាដោយស្មោះត្រង់។ លោក បានគូសបញ្ជាក់ទៀតថា ក្រុមហ៊ុនប្រេង ឥន្ធៈនៅកម្ពុជា គឺគ្មានការប្រកួត ប្រជែងគ្នាតាមបែបប្រទេសទីផ្សារសេរីទេ ហើយលោកជឿជាក់ថា បើមានការប្រកួបប្រជែងពិតប្រាកដ ប្រេងសាំងនឹងមិនមានតម្លៃខ្ពស់ដូចពេលបច្ចុប្បន្នទេ”។
តំណាងអង្គការសង្គមស៊ីវិលកំពុងនាំយកញត្តិទៅដាក់នៅរដ្ឋសភាជាតិ

      ការជួបជុំគ្នាដើម្បីធ្វើការទាមរឱ្យមានការទំលាក់ថ្លៃសាំងត្រូវបានរំសាយនៅ ម៉ោងប្រហែល ១១ ព្រឹក បន្ទាប់ពីលោក វន់ ពៅប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និង លោក សម៉ូរ៉ា ប្រធាសហព័ន្ធសហជីពកម្មករចំនីអាហារ និងសេវាកម្មកម្ពុជាបានយកញត្តិទៅជូន អគ្គលេខាធិការដ្ឋានសិទ្ធិមនុស្ស និងទំនាក់ទំនងរដ្ឋសភា ដោយតំណាងរដ្ឋសភាថា និងយកសំណើរ នេះទៅជូនថ្នាក់ដឹកនាំ ដើម្បីធ្វើការដោះស្រាយ។ ឆ្លើយតបនិងគ្នានេះដែរ លោកវន់ ពៅ បានអះអាង ម្តងទៀតថា “ ការទាមទារនេះ គឺ គ្រាន់តែជាជំហានទីមួយប៉ុណ្ណោះ បើមិនមានការអន្តរាគមន៍ឱ្យមាន ការបញ្ចុះថ្លៃសាំងនោះទេ យើងនិងរួមគ្នាធ្វើ មហាបាតុកម្មទូទាំងប្រទេស”។

No comments:

Post a Comment