RFA/ដោយ ទីន
ហ្សាការីយ៉ា
2012-07-15
នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិនិយោគិនបរទេសមួយចំនួន
បានចូលមកវិនិយោគ ឬបើកក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា។
ទាក់ទងនិងបញ្ហានេះ នៅថ្ងៃទី១៨ កក្កដាខាងមុខនេះ មជ្ឈមណ្ឌលប្រតិបត្តិការកម្ពុជា
ជប៉ុន គ្រោងនឹងរៀបចំពិព័រណ៍ការងារក្រុមហ៊ុនជប៉ុន សម្រាប់ផ្ដល់ឱកាសការងារ ដល់ក្រុមយុវជនកម្ពុជា
ដែលកំពុងស្វែងរកការងារធ្វើនោះ។
មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា ជប៉ុន សហការនឹងស្ថាប័នចំនួនពីរផ្សេងទៀត
គ្រោងនឹងរៀបចំពិពណ៌នាការងារ នៅសាលអង្គរ គីហ្សូណា ស្ថិតនៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ដែល ក្រុមហ៊ុនជប៉ុនចំនួន ៣៣ ចូលរួមធ្វើការតាំងពិព័រណ៍។
បុគ្គលិកផ្នែកផ្លាស់ប្ដូរវប្បធម៌ និងព័ត៌មាននៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា
ជប៉ុន កញ្ញា គង់ សូលីណា មានប្រសាសន៍ នៅថ្ងៃទី១២ កក្កដាថា
ការរៀបចំតាំងពិព័រណ៍ការងារនេះ ក្នុងគោលបំណងសំខាន់
គឺផ្ដល់ឱកាសឲ្យយុវជនប្រមាណ ៧០០ នាក់ ទៅចូលរួមនោះ
ដែលមានបំណងចង់ធ្វើការនៅក្រុមហ៊ុនជប៉ុន ដែលក្រុមហ៊ុនមួយចំនួនទើបបើកថ្មី
និងក្រុមហ៊ុនមួយចំនួនទៀត បានដំណើរការយូរមកហើយ។