2012-07-14
យុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ដែលបង្កើនទំនាក់ទំនងយុវជនវ័យក្មេងរវាងអាស៊ាន
និងសហរដ្ឋអាមេរិក ដើម្បីផ្ដល់ឱកាសដល់យុវជនអាស៊ានបានទៅសិក្សារៀនសូត្រនៅ សហរដ្ឋអាមេរិកនោះ
គឺជាការបើកចំហជើងមេឃមួយសម្រាប់អាស៊ាន ជាពិសេសក្រុមយុវជនបានពង្រីកនូវចំណេះដឹង និងមានទស្សនវិស័យវែងឆ្ងាយទៅអនាគត ក្នុងការអភិវឌ្ឍតំបន់របស់ខ្លួន។
វេទិកាយុវជនប្រចាំឆ្នាំលើកទី៨ ធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ
ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១០។
ប្រធានសមាគមយុវជនខ្មែរ (KYA) លោក ម៉ាក ចំរើន បានសម្ដែងក្ដីត្រេកអរចំពោះដំណឹងនេះ។
លោកថា ជាប្រយោជន៍ដែលយុវជនកម្ពុជាគួរតែទទួលបានក្នុងការកសាងសមត្ថភាព។ លោកថា
ចំណេះដឹងយុវជនកម្ពុជានៅមានកម្រិតនៅឡើយ បើធៀបទៅនឹងយុវជនក្នុងតំបន់អាស៊ាន
ដូចជាយុវជនប្រទេសសិង្ហបុរី (Singapore) ថៃ (Thailand) ម៉ាឡេស៊ី (Malaysia) និងប្រទេសឥណ្ឌូណេស៊ី (Indonesia) ជាដើម។
លោក ម៉ាក ចំរើន៖ «ការផ្ដល់ឱកាសបែបពង្រឹងសមត្ថភាពបែបនេះ គឺជាការជំរុញឲ្យមានការចាប់យកឱកាសការងារឲ្យបានច្រើន មិនថាការងារបច្ចេកទេស មិនថាការងារជំនាញផ្សេងៗ ជាអ្នកគ្រប់គ្រង ឬក៏ជាអ្នកអនុវត្តនៅក្នុងទីផ្សារការងារនៅក្នុងតំបន់អាស៊ាន»។
ការថ្លែងបែបនេះ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក
អ្នកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) មានប្រសាសន៍នៅក្នុងដំណើរទស្សនកិច្ចមកកម្ពុជា
កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១២ ថា សហរដ្ឋអាមេរិកបន្តធ្វើជាដៃគូយុទ្ធសាស្ត្រជាមួយអាស៊ាន
(Asean) និងបង្កើនទំនាក់ទំនងយុវជនវ័យក្មេងរវាងអាស៊ាន និងសហរដ្ឋអាមេរិក នៅថ្ងៃអនាគតឆាប់ៗនេះ
ដើម្បីទៅសិក្សារៀនសូត្រនៅរដ្ឋហាវៃ (Hawii) សហរដ្ឋអាមេរិក។
រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក អ្នកស្រី
ហ៊ីលឡារី គ្លិនតុន មានប្រសាសន៍ទៀតថា អ្វីដែលអ្នកស្រីត្រូវនិយាយ
គឺសំណើសុំមួយ ដែលអ្នកស្រីតែងតែឮជាប់ជានិច្ច
នៅពេលធ្វើដំណើរជុំវិញតំបន់អាស៊ី គឺពលរដ្ឋនៅតំបន់នេះចង់ឱ្យមានឱកាសទំនាក់ទំនងច្រើនថែមទៀត ជាមួយពលរដ្ឋអាមេរិក
និងបានទៅធ្វើទស្សនកិច្ចសហរដ្ឋអាមេរិក ជាពិសេសយុវជន ដែលយុវជនជាជនភាគច្រើននៃពលរដ្ឋអាស៊ាន។
អ្នកស្រី ហ៊ីលឡារី គ្លិនតុន៖ «ខ្ញុំផ្ទាល់ខ្ញុំគាំទ្រគំនិត ផ្ដួចផ្ដើមនេះ ហើយយើងបានបង្កើតឱ្យមានកិច្ចប្រជុំកំពូលនៃអ្នកដឹកនាំវ័យក្មេង អាស៊ាន-អាមេរិក ដើម្បីភ្ជាប់ទំនាក់ទំនងអ្នកដឹកនាំជំនាន់ក្រោយៗ របស់យើង។ សហរដ្ឋអាមេរិក ត្រូវបានផ្ដល់ឱកាសឱ្យនិស្សិតទីមួយ ក្រោមគំនិតផ្ដួចផ្ដើមរបស់ប្រ៊ុយណេ-អាមេរិក ស្ដីពីភាសាអង់គ្លេស។ យើងក៏បានបង្កើតឱ្យមានគម្រោងសាកល្បងមួយ សម្រាប់កម្មវិធីផ្លាស់ប្ដូរ
ហ្វុលប្រាយ (Fulbright)
អាស៊ាន ដើម្បីពង្រឹងចំណងសិក្សាឱ្យកាន់តែស៊ីជម្រៅ»។
បើទោះបីជាមានការជួយជ្រោមជ្រែងពីសហរដ្ឋអាមេរិកដោយយកចិត្តទុក ចំពោះយុវជនវ័យក្មេងក្នុងតំបន់អាស៊ានយ៉ាងនេះក្ដី មន្ត្រីអ្នកធ្វើការជាមួយយុវជននៅតែលើកទឹកចិត្តឲ្យយុវជន បន្តដុះខាត់ខ្លួនឯង
ដូចជាខិតខំរៀនសូត្រ និងប្រឹងប្រែងរៀនជំនាញជាដើម។
ប្រធានអង្គការយុវសន្តិភាព លោក ឡុង ខែត្រ
មានប្រសាសន៍ថា ចំណេះដឹងទូទៅ
និងភាសាបរទេសរបស់យុវជនកម្ពុជាបច្ចុប្បន្ន នៅមានកម្រិតនៅឡើយ។
លោកបន្តថា យុវជននឹងបានទទួលប្រយោជន៍ពីគោលនយោបាយការបរទេសអាមេរិក ដែលបានគិតពីអ្នកដឹកនាំវ័យក្មេងនេះ។
លោក ឡុង ខែត្រ៖ «បើសិនណាមានការគាំទ្រអីចឹង
យើងក៏ត្រៀមដែរ។ ទី១គឺប្រឹងប្រែងរៀនផ្នែកភាសា
ត្រូវមានការតម្រង់ទិសដែរ។ ថាតើទីផ្សារក្នុងអាស៊ានក្នុងរយៈពេលខាងមុខនេះ យើងត្រូវតែត្រៀមលក្ខណៈកសាងធនធានអ្វី? ហើយយុវជនកាលណាមានការតម្រង់ទិស
យើងអាចចាប់យកជំនាញសំខាន់ៗ ដែលជាតម្រូវការថ្ងៃមុខដែរ។
មួយទៀត ខ្លួនឯងត្រូវដឹងច្បាស់ដែរ ថាតើអនាគតទៅ
ខ្លួនឯងចង់មានជំនាញអីសំខាន់? ហើយត្រូវប្រឹងប្រែងអីខ្លាំងក្លាដែរ
នៅក្នុងពេលនេះ បើសិនយើងយល់ថា
ការធ្វើសមាហរណកម្មខាងមុខ យើងជារឿងត្រឹមត្រូវ ហើយអ្វីដែលជាកិច្ចការខ្វះខាតរបស់យើង យើងត្រូវបំពេញបន្ថែមឲ្យខ្លាំង ក្នុងពេលដែលរដ្ឋយើងមិនទាន់មានយន្តការត្រៀមលក្ខណៈដ៏ខ្លាំងក្លា។ តែយើងជាយុវជន អាចប្រឹងប្រែង បើមើលឃើញនិន្នាការហ្នឹងវាទៅអីចឹងហើយ។
យុវជនខ្លួនឯង គឺប្រឹងឲ្យបានច្រើន»។
ប៉ុន្តែប្រធានអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) លោក ជាង សុខា មានមតិថា
នេះជាសញ្ញាមួយដ៏ល្អដែលបញ្ជាក់ថា សហរដ្ឋអាមេរិកកំពុងយកចិត្តទុកដាក់ចំពោះយុវជនក្នុងតំបន់អាស៊ាន។ ប៉ុន្តែ
អ្វីដែលជាក្ដីបារម្ភនោះ នៅត្រង់ថា តើរដ្ឋាភិបាលអាចចាប់យកឱកាសនេះយ៉ាងណាឲ្យក្លាយទៅជាសកម្មភាព ជាក់ស្ដែងសម្រាប់កម្ពុជានោះ។
លោក ជាង សុខា៖ «ដូចជានៅកម្ពុជាអីចឹង យើងបានស្ដាប់នេះទាំងអស់គ្នាហើយ មិនសំដៅតែទៅលើប្រជាពលរដ្ឋខ្មែរទេ
សំដៅទៅអាស៊ានទាំងមូល។ ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ
ប្រទេសនីមួយៗត្រូវចាប់យកឱកាសហ្នឹង។ ថាតើរដ្ឋាភិបាលនឹងប្រើយុទ្ធសាស្ត្រយ៉ាងម៉េច
ដើម្បីបម្លែងសារនេះ។ ហើយយុវជនខ្លួនឯងធ្វើការតស៊ូមតិបែបម៉េច ដើម្បីឲ្យរដ្ឋាភិបាលអាចបម្លែងសារនេះ ឲ្យទៅជាសកម្មភាពជាក់ស្ដែង ហើយមានប្រយោជន៍សម្រាប់គាត់»។
ឆ្លើយតបបញ្ហានេះ រដ្ឋលេខាធិការក្រសួងអប់រំយុវជន
និងកីឡា ទទួលបន្ទុកកិច្ចការយុវជន លោក ជ័យ ចាប មានប្រសាសន៍ពីដំណឹងរបស់ អ្នកស្រី
ហ៊ីលឡារី គ្លិនតុន ដែលថានឹងបង្កើនទំនាក់ទំនងយុវជនវ័យក្មេងក្នុងតំបន់អាស៊ាន និងសហរដ្ឋអាមេរិកនោះថា
ជាដំណឹងល្អមួយសម្រាប់កម្ពុជា។
លោក ជ័យ ចាប៖ «ធម្មតាកាលណាគាត់និយាយអីចឹង មានផែនការ គាត់នឹងគិតហើយថា កម្ពុជាមានប៉ុន្មានកន្លែង វៀតណាមមានប៉ុន្មាន ថៃមានប៉ុន្មានកន្លែងអ៊ីចឹងណា។ ជាពិសេស យុវជនយើងដែលមានកាយសម្បទា មានចំណេះដឹងអាចទៅស្រូបយកចំណេះដឹងពីគេបាននោះ យើងធ្វើការសម្រិតសម្រាំងជ្រើសរើសយកទៅ ដើម្បីទៅរៀនក៏ជាលក្ខណៈប្រកួតប្រជែងមួយដែរ។ បើបានភ្លើងខៀវអ៊ីចឹងមកហើយ បើសិនមានចេញជាលាយលក្ខណ៍អក្សរច្បាស់លាស់មក
យើងចាត់ចែងរៀបចំភ្លាម យើងត្រូវឆក់យកឱកាសនេះភ្លាម»។
លោក ជាង សុខា បញ្ជាក់ថា ការជួយនេះគឺមិនអាចគ្របដណ្ដប់បានច្រើននូវចំនួនយុវជននៅក្នុង ស្រុក
ដែលពុំអាចឲ្យយើងពឹងផ្អែកទាំងស្រុងបានឡើយ។ ប៉ុន្តែវាជាផ្នែកតូចមួយក្នុងការចូលរួមចំណែក ដែលតោងឲ្យកម្ពុជាជៀសឲ្យបាននូវការបាត់បង់ឱកាសនេះ។
លោក ជាង សុខា៖ «រដ្ឋាភិបាលប្រទេសនីមួយៗក៏ដូចជារដ្ឋាភិបាល កម្ពុជាដែរ ត្រូវតែមានយុទ្ធសាស្ត្រក្នុងការវិនិយោគទៅលើយុវជនរបស់ខ្លួន ដើម្បីឲ្យគុណភាពរបស់យុវជននេះ អាចឆ្លើយតបបានទៅនឹងតម្រូវការនៅក្នុងប្រទេសរបស់ខ្លួន ក៏ដូចជាតម្រូវការនៅក្នុងតំបន់។ យើងអត់អាចដេករង់ចាំការជួយពីខាងក្រៅទេ»។
សហរដ្ឋអាមេរិកគាំទ្របានវិស័យអប់រំ នៅប្រទេសកម្ពុជា និងលើកកម្ពស់សមត្ថភាពរបស់យុវជនដែលនឹងក្លាយជាអ្នកដឹកនាំកម្ពុជា ជំនាន់ក្រោយ។
កន្លងមកស្ថានទូតអាមេរិកនៅទីក្រុងភ្នំពេញ ធ្លាប់បានផ្ដល់ឱកាសឲ្យយុវជនកម្ពុជា ទទួលបានចំណេះដឹងពីកម្មវិធីមួយចំនួនដូចជា
កម្មវិធីអប់រំ កម្មវិធីផ្លាស់ប្ដូរក្នុងការសិក្សា កម្មវិធីការសិក្សាស្ដីពីវិទ្យាស្ថាននៅសហរដ្ឋអាមេរិក កម្មវិធីសិក្សាភាសាអង់គ្លេសរយៈពេលខ្លីថ្នាក់បរិញ្ញា និងកម្មវិធីថ្នាក់បរិញ្ញាសកលជាដើម។
ក្រៅពីនេះ ក៏បានផ្ដល់អាហារូបករណ៍ ហ្វុលប្រាយ និងកម្មវិធីដទៃទៀតស្ដីពីការផ្លាស់ប្ដូរផ្នែកសិក្សាអប់រំ ដល់ការជំរុញគោលការណ៍លទ្ធិប្រជាធិបតេយ្យ តាមរយៈក្រុមប្រឹក្សាយុវជនកម្ពុជា ការធ្វើការជាមួយយុវជននៃប្រទេសកម្ពុជា។
នៅក្នុងគេហទំព័ររបស់ស្ថានទូតអាមេរិកបានឲ្យដឹងថា ស្ថានទូតបានបង្កើតកម្មវិធីពិព័រណ៍យុវជន ដើម្បីលើកកម្ពស់ប្រជាធិបតេយ្យ និងជំរុញយុវជននៅក្នុងដំណើរការនយោបាយ ហើយជាផ្នែកមួយកំពុងតែបន្តសម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ សហរដ្ឋអាមេរិក
ក្នុងគោលដៅពង្រឹងសង្គមស៊ីវិល និងអភិបាលកិច្ចល្អនៅកម្ពុជា។
យ៉ាងណាក៏ដោយ
អ្នកធ្វើការជាមួយយុវជនបានផ្ដល់អនុសាសន៍ថា យុវជនកម្ពុជានៅមានឱកាសច្រើន ដើម្បីប្រកួតប្រជែងជាមួយយុវជននៅក្នុងតំបន់អាស៊ាន។
ជាឱកាសនោះ រដ្ឋាភិបាល ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា គួរធ្វើការសិក្សាត្រឹមកម្រិតតំបន់ ដើម្បីសិក្សារកឱកាសការងារសម្រាប់យុវជនឲ្យបានជាក់លាក់។
ក្រុមដដែលបានបញ្ជាក់ថា ជាយុទ្ធសាស្ត្រត្រៀមសម្រាប់រយៈពេល៣ឆ្នាំទៀតមុនចូលសមាហរណកម្ម សេដ្ឋកិច្ចអាស៊ាន។
ហើយថា បើពុំមានការត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់នោះទេ កម្ពុជានឹងក្លាយជាជនរងគ្រោះពីការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០១៥
នៅពេលខាងមុខទៅវិញ៕
http://www.rfa.org/khmer/indepth/ngo_enthusiastic_usa_on_youth_relationship-07142012082356.html
No comments:
Post a Comment