RFA/ដោយ ទីន
ហ្សាការីយ៉ា
2012-07-15
នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិនិយោគិនបរទេសមួយចំនួន
បានចូលមកវិនិយោគ ឬបើកក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា។
ទាក់ទងនិងបញ្ហានេះ នៅថ្ងៃទី១៨ កក្កដាខាងមុខនេះ មជ្ឈមណ្ឌលប្រតិបត្តិការកម្ពុជា
ជប៉ុន គ្រោងនឹងរៀបចំពិព័រណ៍ការងារក្រុមហ៊ុនជប៉ុន សម្រាប់ផ្ដល់ឱកាសការងារ ដល់ក្រុមយុវជនកម្ពុជា
ដែលកំពុងស្វែងរកការងារធ្វើនោះ។
មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា ជប៉ុន សហការនឹងស្ថាប័នចំនួនពីរផ្សេងទៀត
គ្រោងនឹងរៀបចំពិពណ៌នាការងារ នៅសាលអង្គរ គីហ្សូណា ស្ថិតនៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ដែល ក្រុមហ៊ុនជប៉ុនចំនួន ៣៣ ចូលរួមធ្វើការតាំងពិព័រណ៍។
បុគ្គលិកផ្នែកផ្លាស់ប្ដូរវប្បធម៌ និងព័ត៌មាននៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា
ជប៉ុន កញ្ញា គង់ សូលីណា មានប្រសាសន៍ នៅថ្ងៃទី១២ កក្កដាថា
ការរៀបចំតាំងពិព័រណ៍ការងារនេះ ក្នុងគោលបំណងសំខាន់
គឺផ្ដល់ឱកាសឲ្យយុវជនប្រមាណ ៧០០ នាក់ ទៅចូលរួមនោះ
ដែលមានបំណងចង់ធ្វើការនៅក្រុមហ៊ុនជប៉ុន ដែលក្រុមហ៊ុនមួយចំនួនទើបបើកថ្មី
និងក្រុមហ៊ុនមួយចំនួនទៀត បានដំណើរការយូរមកហើយ។
កញ្ញា គង់ សូលីណា៖ «ដើម្បីឲ្យអ្នកចូលរួមមានបំណងចង់ដាក់ពាក្យ
ធ្វើការត្រូវ និងជំនាញច្បាស់លាស់ ទៅតាមជំនាញសិក្សា មិនមែនថា គាត់ចេះតែដាក់ៗ
ទៅនោះទេ។ មានន័យថា បើនិស្សិតចូលរួមនោះ គាត់ចាប់អារម្មណ៍នឹងក្រុមហ៊ុនណា
គាត់អាចដាក់ពាក្យសុំធ្វើការតែម្ដង»។
ទាក់ទងទៅនឹងបញ្ហានេះ
ប្រធានអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) លោក ជាង សុខា ឲ្យដឹងថា ប្រសិនបើការតាំងពិព័រណ៍នេះ ផ្ដល់ឱកាសការងារដល់យុវជនមែននោះ
វាជាការប្រសើរ សម្រាប់យុវជន ដែលកំពុងស្វែងរកការងារធ្វើ។
លោក ជាង សុខា៖ «ការចូលរួមនោះ
មានឱកាសការងារហ្នឹងទំហំប៉ុន្មានណា? ម្យ៉ាងទៀត
ការចូលរួមហ្នឹង គ្រាន់តែឲ្យយុវជនហ្នឹង ចាប់អារម្មណ៍
និងក្រុមហ៊ុនរបស់ខ្លួន ឬការផ្ដល់ការងារពិតប្រាកដឲ្យយុវជន។ បញ្ហានេះ
យុវជនខ្លួនឯង ត្រូវសិក្សាខ្លួនឯង»។
ការរៀបចំពិព័រណ៍នេះ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា
ជប៉ុន សហការជាមួយស្ថាប័នពីរផ្សេងទៀត រួមមាន សមាគមអាជីវកម្មជប៉ុននៅកម្ពុជា
និងដេប៉ាតឺម៉ង់ភាសាជប៉ុន នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
កញ្ញា គង់ សូលីណា បានបន្ថែមថា
ការតាំងពិព័រណ៍ការងារនេះ ប្រជាពលរដ្ឋ ឬយុវជនទាំងអស់
មានសិទ្ធិចូលរួមគ្រប់ៗ គ្នា នៅព្រឹកថ្ងៃទី១៨ កក្កដា។ កញ្ញា សូលីណា
ពន្យល់ថា ប្រសិនបើយុវជនណាចង់ស្វែងរកការងារធ្វើ ត្រូវភ្ជាប់ប្រវត្តិរូបសង្ខេប
ឬ (CV) ទៅជាមួយ ដើម្បីដាក់ពាក្យសុំធ្វើការ។
នៅពេលនោះ ប្រសិនបើក្រុមហ៊ុនចាប់អារម្មណ៍ទៅលើបុគ្គលណាម្នាក់ គេនឹងធ្វើសម្ភាសន៍
នៅពេលតាំងពិព័រណ៍នោះតែម្ដង។ ដោយឡែក ប្រសិនបើខាងក្រុមហ៊ុនសម្ភាសន៍មិនទាន់
គេអាចទាក់ទង ដើម្បីធ្វើសម្ភាសន៍ផ្ដល់ការងារនៅពេលក្រោយពិធីតាំងពិព័រណ៍នោះ។
លោក ជាង សុខា អះអាងថា យុវជនកម្ពុជាមានអាយុចន្លោះពី
១៥ ឆ្នាំ ទៅ ៣០ឆ្នាំ មានជាង ៤ លាននាក់។ ក្នុងនោះ យុវជនភាគច្រើនមិនមានជំនាញច្បាស់លាស់។
លោកបញ្ជាក់ថា ក្នុងចំណោមនោះ មានយុវជនប្រមាណ ២៦% ទៅ ២៧% ទេ ដែលមានជំនាញច្បាស់លាស់
ហើយធ្វើការត្រូវជំនាញរបស់ខ្លួន និងមានប្រាក់ខែនោះ។
លោក ជាង សុខា បានលើកឡើងទៀតថា បញ្ហាយុវជនកម្ពុជា គ្មានជំនាញពិតប្រាកដនេះ
ជាកត្តារាំងស្ទះដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ពិសេសទៅទៀតនោះ យុវជនកម្ពុជាមិនអាចធ្វើការប្រកួតប្រជែងការងារជាមួយយុវជននៅ
ប្រទេសក្នុងតំបន់អាស៊ានបានទេ នៅឆ្នាំ ២០១៥ ខាងមុខ នៅខណៈដែលគេធ្វើសមាហរណកម្មសេដ្ឋកិច្ចប្រទេសក្នុងតំបន់អាស៊ាននោះ៕
http://www.rfa.org/khmer/indepth/youth-07152012082555.html
No comments:
Post a Comment