នាពេលកន្លងមក វិស័យអប់រំខ្មែរត្រូវបានគេមើលឃើញថា បានផ្តោតការយកចិត្តទុកដាក់ខ្លាំងទៅលើបរិមាណជាជាងគុណភាព។ នេះគឺជាការត្រឹមត្រូវម៉្យាង នៅពេលដែលប្រទេសយើងខ្វះធនធនមនុស្សច្រើន ប៉ុន្តែចាប់ពីពេលនេះតទៅ ធនធានមនុស្សត្រូវតែផ្តោតជាចាំបាច់ទៅលើគុណភាព។
ពីមួយឆ្នាំទៅមួយឆ្នាំ ប្រទេសកម្ពុជាបានផលិតធនធានមនុស្សកាន់តែច្រើនឡើងៗ។
ជាក់ស្តែង សាលារៀនដែលជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សបានបើកទ្វារកាន់តែ ច្រើនឡើងៗ
ទាំងនៅក្នុងទីក្រុងភ្នំពេញ ទាំងនៅតាមបណ្តាខេត្តនានានៅក្នុងប្រទេស។
ក្នុងមួយឆ្នាំៗនិសិត្សច្រើនពាន់ម៉ឺននាក់បានចេញពីសាកល វិទ្យាល័យ។ ជាការពិត ជារៀងរាល់ឆ្នាំ មាននិសិ្សតច្រើនពាន់នាក់បានបញ្ចប់ការសិក្សាមែន ប៉ុន្តែសំណួរដែលកំពុងចោទឡើង គឺទាក់ទងទៅនឹងគុណភាពអប់រំ នៅក្នុងប្រទេសក្រីក្រមួយនេះ។ ប្រសិនបើគេនិយាយក្នុងក្របខណ្ឌក្នុងប្រទេស និងផ្អែកលើហេតុផលក្រោយរបបប៉ុលពត ជាការមិនអាចប្រកែកបានគឺថា គុណភាពអប់រំរបស់កម្ពុជាមានការរីកចម្រើនទៅមុខគួរសមមែន ប៉ុន្តែប្រសិនបើគេធ្វើការប្រៀបធៀបគុណភាពអប់រំរបស់កម្ពុជាជាមួយ ប្រទេសនៅក្នុងតំបន់ ឬប្រទេសអភិវឌ្ឍន៍ធំៗវិញ វិស័យអប់រំកម្ពុជាស្ថិតនៅឆ្ងាយដាច់ពីគេសឹងហៅមិនឮ។
តើមូលហេតុអ្វីបានជាវិស័យអប់រំកម្ពុជានៅទន់ខ្សោយ?
មូលហេតុមានច្រើន ប៉ុន្តែ បញ្ហាធំៗកត់សម្គាល់មានដូចជា៖ ទី១ គឺដោយសារប្រាក់ខែគ្រូបង្រៀននៅតាមសាលារដ្ឋមានចំនួនតិចតួច។ ប្រាក់ខែមិនអាចរស់បានធ្វើអោយគ្រូបង្រៀនគ្មានចំណង់នឹងបង្រៀន ឡើយ។
ទី២៖គឺដោយសារគ្រូបង្រៀនមួយចំនួនបាត់បង់ក្រមសីលធម៌ មានន័យថា ប្រាក់ខែរដ្ឋទាបមែន ប៉ុន្តែពួកគេអាចរកក្រៅបានគួរសម។ រកកម្រៃក្រៅផ្លូវការបានច្រើនហើយ ប៉ុន្តែពួកគេនៅតែគ្មានឆន្ទៈនឹងបង្រៀនដដែល។ នេះគឺដោយសារការបាត់បង់សតិសម្បជញ្ញៈក្នុងនាមជាអ្នកបណ្តុះបញ្ញា ញាណ។
បញ្ហាទី៣ដែលទាញទម្លាក់គុណភាពអប់រំដែរនោះ គឺគុណភាពគ្រូបង្រៀនតែម្តង។ គ្រូបង្រៀននៅតាមសាលារដ្ឋមួយចំនួនមិនមែនចេញមកពីសិស្សឆ្នើម ប្រចាំសាលាទេ។ ដោយសារប្រាក់ខែគ្រូបង្រៀនទាប សិស្សឆ្នើមភាគច្រើនមិនចង់ក្លាយខ្លួនទៅជាសាស្រ្តចារ្យឡើយ។
មូលហេតុទី៤ដែលរុញច្រានអោយគុណភាពអបរំមានកម្រិតទាបដែរនោះ គឺដោយសារសាកលវិទ្យាល័យមួយចំនួនគិតពីរឿងចំណេញប្រាក់កាសច្រើនជាង គិតពីគុណភាពសិក្សា។ សាកលវិទ្យាល័យខ្លះមិនហ៊ានរឹតបន្តឹងវិន័យខ្លាំងទេ ពីព្រោះពួកគេខ្លាចនិសិ្សតមិនចុះឈ្មោះរៀននៅទីនោះ។ ការគិតរបៀបនេះវានឹងរុញច្រានគុណភាពអប់រំខ្មែរអោយធ្លាក់ទៅរក មហន្តរាយថែមទៀត។
មូលហេតុចុងក្រោយដែលគ្រោះថ្នាក់ខ្លាំងដែរនោះ គឺការសូកប៉ាន់ ដើម្បីចៀសវាងការប្រឡងធ្លាក់ពីកម្រិតមួយទៅកម្រិតមួយ។
អ្នកតាមដានសភាពការណ៍សង្គមសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាបាន អត្ថាធិប្បាយថា រដ្ឋាភិបាលគួរពិចារណាបន្ថែមទៀតពីរឿងគុណភាពអប់រំនេះ។ គុណភាពមនុស្សគឺជារឿងស្លាប់រស់របស់គ្រួសារ សហគមន៍ និងប្រទេសជាតិ។
កាលពីសម័យដើម កុលសម្ព័ន្ធនីមួយៗវាយប្រហារគ្នាតាមរយៈកម្លាំងបាយ ដើម្បីកាន់កាប់អំណាចនៅក្នុងតំបន់ណាមួយ។ ប៉ុន្តែក្នុងសម័យសតវត្សរ៍ទី២១នេះ សហគមន៍នីមួយៗ ឬប្រទេសនីមួយៗលែងប្រយុទ្ធគ្នាតាមកម្លាំងបាយទៀតហើយ។ តែជាការប្រយុទ្ធគ្នាដោយប្រើប្រាស់បញ្ញាញាណ។ តាមរយៈបញ្ញាញាណនេះ ប្រទេសខ្លះ ដូចជា ប្រទេសជប៉ុនជាដើម ធ្លាប់ក្លាយជាមហាអំណាចសេដ្ឋកិច្ចទី២ បន្ទាប់ពីសហរដ្ឋអាមេរិកមុននឹងផ្តល់តំណែងនេះទៅអោយប្រទេសចិនវិញ។
ឯាកមកនិយាយពីប្រទេសកម្ពុជាវិញ ប្រសិនបើកម្ពុជាចង់ក្លាយទៅជាប្រទេសមហាអំណាច ឬចង់ក្លាយខ្លួនទៅជាប្រទេសមួយដែលតំបន់ ឬពិភពលលោកទទួលស្គាល់នោះ ការផលិតធនធានមនុស្សដែលមានគុណភាពខ្ពស់គឺជារឿងចាំបាច់បំផុត។ ជាពិសេស នៅក្នុងបរិបទដែលប្រទេសកម្ពុជាត្រូវប្រកួតប្រជែងក្នុងក្របខណ្ឌ សហគមន៍អាស៊ាន រួមជាមួយប្រទេសដទៃទៀត នៅឆ្នាំ២០១៥ខាងមុខនេះ។
សូមកុំភ្លេចថា គ្រួសារមួយ សហគមន៍មួយ ប្រទេសជាតិមួយ ដែលសម្បូរទៅដោយមនុស្សមានចំណេះដឹងប្រកបដោយគុណភាពខ្ពស់ គ្រួសារនោះ សហគមន៍នោះ ប្រទេសនោះពិតជាអភិវឌ្ឍលឿនជាងគ្រួសារ សហគមន៍ឬប្រទេសដែលមិនសូវមានអ្នកចេះដឹង៕
No comments:
Post a Comment