ការប្រជុំនេះបានធ្វើឡើង នៅក្រោយពេលដែលអង្គការខុមហ្វ្រែល បានកត់សម្គាល់ថា ការចូលរួមរបស់យុវជនក្នុងកិច្ចការនយោបាយ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១២ កន្លងមក មានចំនួនតិច ទាំងការជាប់ឆ្នោត និងការចូលរួមបោះឆ្នោត បើធៀបនឹងបញ្ជីឈ្មោះយុវជនមានសិទ្ធិបោះឆ្នោត។
យុវជនជិត៨០នាក់ មកពីគណបក្សនយោបាយ សង្គមស៊ីវិល និស្សិត ជជែកគ្នានៅថ្ងៃសុក្រ ទី១០ ខែសីហា ឆ្នាំ២០១២ រកវិធីជំរុញឲ្យយុវជនចូលរួមក្នុងឆាកនយោបាយ ពិសេសគឺការបោះឆ្នោត និងការឈរឈ្មោះជាបេក្ខជន។
នាយកប្រតិបត្តិអង្គការខុមហ្វ្រែល លោក គល់ បញ្ញា បានថ្លែងថា ចំនួនយុវជនជាអ្នកបោះឆ្នោតថ្មីបានកើនឡើងច្រើនជាង៣០០ពាន់នាក់ ក្នុង១ឆ្នាំៗ។ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១២ យ៉ាងហោចណាស់មានយុវជន១លាន២សែននាក់ បានទៅបោះឆ្នោតលើកទី១ របស់គេ។
លោក គល់ បញ្ញា៖ «ប៉ុន្តែ គេមិនសូវឃើញថាយុវជនមានតួនាទីនៅក្នុងការសម្រេចចិត្ត មានឥទ្ធិពលនៅក្នុងការពង្រឹងគណបក្សនយោបាយឲ្យមានគុណភាព នៅក្នុងកិច្ចការនយោបាយនោះនៅឡើយទេ។ គេមិនទាន់មានឱកាសច្រើន ហើយសមត្ថភាពយុវជនក៏នៅខ្វះខាតច្រើនដែរ ដោយសារការចូលរួមក្នុងការផ្តល់ចំណេះដឹងនៅទាប។ ហើយយើងក៏រកឃើញប្រព័ន្ធអប់រំ ក៏មិនបានលើកទឹកចិត្តឲ្យយុវជនបានយល់ដឹងអំពីការបោះឆ្នោត អំពីប្រជាធិបតេយ្យ ម្ល៉ោះហើយយុវជនខ្វះការយល់ដឹងអំពីសារសំខាន់នៃការបោះឆ្នោត»។
របាយការណ៍សិក្សារបស់អង្គការខុមហ្វ្រែល បង្ហាញថា អ្នកមានសិទ្ធិបោះឆ្នោត នៅឆ្នាំ២០១២ តែមិនបានទៅបោះឆ្នោតមាន២.៥៣៦នាក់ ក្នុងនោះមានយុវជនជិត៥០% មិនទៅបោះឆ្នោតទេ ដោយសាររកឈ្មោះមិនឃើញ គ្មានឯកសារបញ្ជាក់អត្តសញ្ញាណ ខ្លះទៀត មិនបានទៅចុះឈ្មោះ និងបាត់ឈ្មោះពីបញ្ជី ហើយខ្លះធ្វើចំណាកស្រុក និងជាប់រវល់សិក្សាជាដើម។
និស្សិតសកលវិទ្យាល័យខេមរៈ កញ្ញា បញ្ញាល័ក្ខ ថ្លែងថា យុវជនដែលមិនបានទៅបោះឆ្នោត ព្រោះនៅអល់អែកក្នុងការសម្រេចចិត្តជ្រើសរើសគណបក្សនយោបាយដែលគេ នឹងបោះឆ្នោតឲ្យ ពីព្រោះយុវជនមិនទុកចិត្តគណបក្សនយោបាយណាមួយ ដែលធ្វើឲ្យយុវជនអាចជឿបាននោះឡើយ៖ «គណបក្ស ក ហ្នឹង គាត់រិះគន់គណបក្ស ខ ថាគេធ្វើមិនកើតអីចេះ អីចុះ។ ប៉ុន្តែគណបក្ស ក ហ្នឹង អត់បានប្រាប់ ឬក៏បានធ្វើសកម្មភាពជាក់ស្តែងណា ដើម្បីឲ្យចៀសផុតពីទង្វើដែលគណបក្ស ខ នោះបានធ្វើទេ»។
និស្សិតសកលវិទ្យាល័យន័រតុន លោក ឆន សំណាង ថ្លែងថា នៅក្នុងគ្រឹះស្ថានឧត្ដមសិក្សា មិនផ្តល់សិទ្ធិ ឬបើកទូលាយឲ្យយុវជនទទួលបានការស្វែងយល់អំពីលទ្ធិប្រជាធិបតេយ្យ ឬក៏អ្វីដែលជានយោបាយទេ ទើបនិស្សិតមិនយល់អំពីផលប្រយោជន៍របស់គេ ដែលត្រូវជួយធ្វើការងារនយោបាយ ឬមិនបន្តធ្វេសប្រហែសក្នុងការទៅបោះឆ្នោត។
ឆន សំណាង សំណូមពរសុំឲ្យក្រសួងអប់រំ គួរតែមានកម្មវិធីសិក្សាបញ្ចូលមេរៀនទាក់ទងនយោបាយ និងលទ្ធិប្រជាធិបតេយ្យផង ដើម្បីឲ្យយុវជនបានយល់ដឹងពីផលប្រយោជន៍នៃការចូលរួមរបស់គេទៅ ក្នុងនយោបាយ៖ «យ៉ាងហោចណាស់ក្នុង១អាទិត្យ ក៏មាន១ម៉ោងៗ ក៏២ម៉ោងដែរ សម្រាប់ឲ្យគាត់ស្វែងយល់អំពីបញ្ហានយោបាយ ឬក៏លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាព ឬក៏ខ្លួនមានសិទ្ធអីខ្លះ ក្នុងការធ្វើការនៅក្នុងបក្សនយោបាយហ្នឹង»។
ក្រុមពិភាក្សាក៏បានបង្ហាញថា ក្រៅពីយុវជនមិនទាន់សម្រេចចិត្តរើសគណបក្សនយោបាយដើម្បីផ្តល់ សន្លឹកឆ្នោតគាំទ្រ ក៏មានការរំខានពីច្រើនស្ថាប័ន ដែលនាំឲ្យយុវជនធុញទ្រាន់មិនចង់ទៅបោះឆ្នោត។
លោក ហីង សុខសាន្ត មកពីយុវជនគណបក្ស សិទ្ធិមនុស្ស ថ្លែងថា យុវជនជាកម្លាំងធ្វើឲ្យប្រទេសជាតិមានការប្រែប្រួល តាមរយៈការបោះឆ្នោត។ ប៉ុន្តែ រាល់ពេលយុវជនចង់គិតពីផលប្រយោជន៍ជាតិនោះ មានការរំខានជាច្រើននាំឲ្យយុវជនខ្លះបានបោះបង់សិទ្ធិបោះឆ្នោត។ កត្តាខ្លះទៀត មកពីអ្នករៀបចំការងារបោះឆ្នោត ធ្វើឲ្យមានភាពស្មុគស្មាញតាំងពីទៅចុះឈ្មោះបោះឆ្នោត ឬទៅសុំធ្វើកាតសម្គាល់ខ្លួនបញ្ជាក់សញ្ជាតិខ្មែរយកទៅបោះឆ្នោត។
កត្តាខ្លះទៀត គឺរដ្ឋាភិបាលបណ្តោយឲ្យមានកម្មវិធីសម្រាប់ពង្វក់ឲ្យយុវជនភ្លើតភ្លើន៖ «តែ កាលណាយុវជនទោរទន់ទៅណា ឬក៏ងាកផុសផុលទៅខាងណា គឺសង្គមអាចប្រែប្រួល។ ដូច្នេះ អ្នកនយោបាយ ជាពិសេសកត្តាសង្គមយើងរាល់ថ្ងៃនេះ គាត់ចង់ឲ្យយុវជននៅឲ្យឆ្ងាយ។ ដើម្បីធ្វើឲ្យយុវជនគាត់ត្រូវប្រើមធ្យោបាយមួយចំនួនពង្វក់យុវជន ឬក៏វិធីសប្បាយៗដែលឥតប្រយោជន៍ ដែលគេហៅថាវិធីមួយដែលងាយនឹងរីងស្ងួតទៅវិញ»។
ការពិភាក្សាក៏បានផ្តល់នូវយុទ្ធសាស្ត្រពីការស្វែងរកស្នាដៃ យុវជន ដែលបានចូលបម្រើក្នុងនយោបាយ ហើយដើម្បីទាក់ទាញយុវជនដទៃទៀតឲ្យបានចូល និងយល់ច្រើនពីនយោបាយ។
យុវជនឈ្មោះ ពីទូ មកពីអង្គការ អិន.ភី.អេ (NPA) ថ្លែងថា ការលើកតម្កើងចំនួនយុវជនជាប់ឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឲ្យបានធ្វើការកាន់តែល្អនៅមូលដ្ឋាននោះ គួរពង្រឹងយុវជននោះឲ្យចេះធ្វើការជាមួយក្រុមប្រឹក្សា ដែលជាប់ឆ្នោតមានវ័យចាស់ជាង៖ «ខ្មែរយើងថា វាក្មេងណាស់ អ៊ីចឹងចាស់ៗមិនសូវស្តាប់ប៉ុន្មានទេ។ អ៊ីចឹង ជាការងារបន្ទាប់របស់គណបក្ស ឬរបស់សង្គមស៊ីវិល គឺធ្វើយ៉ាងណាឲ្យយុវជនហ្នឹងធ្វើការជាមួយមនុស្សចាស់ តស៊ូមតិ ពិភាក្សាយ៉ាងម៉េចឲ្យមានស្នាដៃនៅក្នុងឃុំរបស់គាត់។ ហើយខ្ញុំគិតថា បើសិនជាគាត់អាចធ្វើបាន គាត់អាចកៀងគរយុវជនគ្នាគាត់ឲ្យចូលទៀត»។
តំណាង គ.ជ.ប លោក ឌី ភីរុណ បានថ្លែងថា គោលការណ៍របស់ គ.ជ.ប ក្នុងការបង្កើនសិទ្ធយុវជនចូលរួមបោះឆ្នោត គឺបានសុំឲ្យទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ នៅថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១២ ខែតុលា ដើម្បីបញ្ជាក់ថា យុវជនពិតមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១២ និងស្តាប់ ហើយមើលការអប់រំរបស់ គ.ជ.ប តាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ និងឯកជនដែលអប់រំអំពីការបោះឆ្នោត។ ពិសេសទៅទៀត សូមចូលមើលវេបសាយ (Website) របស់ គ.ជ.ប នោះយុវជននឹងអាចយល់ច្រើនពីការងារបោះឆ្នោត៖ «អ៊ីចឹង បើយើងព្យាយាមពីបោះឆ្នោតមួយទៅបោះឆ្នោតមួយទៅ ខ្ញុំជឿថាយុវជនទាំងអស់គ្នានឹងទទួលបានព័ត៌មាន ឬក៏លក្ខខណ្ឌ ឬក៏បទបញ្ជា នីតិវិធីទាក់ទងនឹងការបោះឆ្នោតនេះ ហើយក៏ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យនៅប្រទេស កម្ពុជា»។
លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ពី គ.ជ.ប កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១២ ខុមហ្រ្វែល រកឃើញថា យុវជននៅតាមបណ្ដាខេត្ត មានអាយុចាប់ពី២៥ឆ្នាំ ដល់៣៥ឆ្នាំ ចំនួន៦១៥នាក់ ក្នុងនោះមានស្ត្រី២៩៣នាក់ បានជាប់ជាក្រុមប្រឹក្សាឃុំ-សង្កាត់។
ដោយឡែកនៅរាជធានីភ្នំពេញ មានយុវជនជាប់ជាក្រុមប្រឹក្សាសង្កាត់ មាន៤៤នាក់ នៃចំនួនក្រុមប្រឹក្សាសរុបជាងមួយម៉ឺននាក់។
លោក គល់ បញ្ញា បានថ្លែងថា អង្គការនេះកំពុងប្រមូលយកយុទ្ធសាស្ត្រពង្រឹងយុវជនឲ្យគេបានទៅបោះ ឆ្នោតឲ្យបានច្រើន ហើយពង្រឹងយុវជនឲ្យបានចូលទៅក្នុងសកម្មភាពបោះឆ្នោត ដូចជាចុះអប់រំអ្នកបោះឆ្នោត ឲ្យយុវជនចេះធ្វើអ្នកសង្កេតការណ៍នៅពេលបោះឆ្នោត។
អង្គការ ខុមហ្រ្វែល នឹងជូនយោបល់ទៅគណបក្សនយោបាយ ដើម្បីឲ្យយុវជនមានឥទ្ធិពលបន្ថែមនៅក្នុងកិច្ចការនយោបាយ និងពង្រឹងអន្តរសកម្មភាពរបស់យុវជន រវាងគណបក្សនយោបាយឲ្យមានប្រសិទ្ធភាពជាងមុន និងផ្តល់យោបល់ទៅរដ្ឋាភិបាល ឲ្យពិនិត្យមើលលទ្ធភាពក្នុងការបញ្ចូលមេរៀនទាក់ទិនប្រជាធិបតេយ្យ និងសារសំខាន់នៃការបោះឆ្នោត នៅក្នុងកម្មវិធីក្រសួងអប់រំ នៅថ្នាក់មធ្យម និងឧត្ដមសិក្សា៕
http://www.rfa.org/khmer/indepth/comfrel_hold_conference_about_youth_in_election-08112012055323.html
No comments:
Post a Comment