នៅក្នុងសន្និសីទសារព័ត៌មាន ដែលធ្វើឡើងព្រឹកថ្ងៃទី៣០ ខែមីនា នៅក្នុងការិយាល័យរបស់សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ អំពីច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលលោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ IDEAមានប្រសាសន៍ថា សេចក្តីព្រាងលើកទីមួយស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល គឺមានមាត្រា មួយចំនួនដូចជាមាត្រា៦, ១៧, ២៧, ៤៦ និងមាត្រា ៤៩ គឺមានការរឹតត្បិតបំបិទសិទ្ធិសេរីភាពសមាគម សកម្មជនដីធ្លី អ្នកការពារសិទ្ធិមនុស្ស ដែលធ្វើអោយមានការលំបាកសំរាប់អ្នកទន់ខ្សោយការពារសិទ្ធិរបស់ខ្លួន។
លោក អ៊ុំ មិច សកម្មជនសិទ្ធិជនជាតិដើមភាគតិច IRAM ខេត្តកំពង់ធំ បានលើកឡើងថា លោកមិនអាចធ្វើបានទេចំពោះមាត្រានៃច្បាប់ស្តីអំពី សមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ដែលតម្រូវអោយធ្វើរបាយការណ៍សកម្មភាពនិងហិរញ្ញវត្ថុដាក់ជនក្រសួងមហាផ្ទៃ ក្រសួងហិរញ្ញវត្ថុ និងក្រសួងពាក់ព័ន្ធនោះ ព្រោះពួកគាត់ជនជាតិដើមភាគតិចមិនមានសមត្ថភាពក្នុងការធ្វើវាឡើយ ដោយពួកគាត់មិនកំរិតវប្បធម៌នោះទេ។
លោក សេង សុខហេង ក្រុមការងារបណ្តាញកសាងសន្តិភាពសហគមន៍ លើកឡើងថា មាត្រមួយចំនួនក្នុងសេចក្តីព្រាងច្បាប់នេះ មិនមានភាពច្បាស់លាស់នោះទេ។ លោក បញ្ជាក់ថា សេចក្តីព្រាងលើកទីមួយនេះគឺ មិនមានការធូរស្រាលដូចអ្វីដែលសមាគម និងសហគមន៍បានទាមទាទាំង១០ចំនុចអោយមានការកែប្រែ ដូចនៅក្នុងសេចក្តីព្រាងដំបូងនោះទេ។
លោក ស ម៉ូរ៉ា ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា លើកឡើងថា រដ្ឋាភិបាលគួរតែទទួលយកនូវអនុសាសន៍របស់សមាគម សហគមន៍ និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីជម្រុញអោយមានការអភិវឌ្ឈន៍ និងការគោរពសិទ្ធិសេរីភាព និងដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យអោយកាន់តែខ្លាំងឡើងនៅកម្ពុជា។
ទាក់ទងនិងករណីនេះ មិនអាចសុំការអធិប្បាយបំភ្លឺលំអិតជុំវិញបញ្ហារសេចក្តីព្រាងច្បាប់ សមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ពីក្រសួងមហាផ្ទៃបាននៅឡើយទេ។
សូមបញ្ជាក់ថា បើយោងតាមប្រសាសន៍របស់លោក ជា សុភ័ក្ត សមាជិកក្រុមព្រឹក្សាភិបាលអចិន្ត្រៃយ៍ នៃបណ្តាញកសិករនិងធម្មជាតិអះអាងថា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១១ បានដាក់សំណើរជួបពិភាក្សាចំនួន១០ចំនុចទៅក្រសួងមហាផ្ទៃលើសេចក្តីព្រាងច្បាប់NGOsលើកទីដំបូង ហើយបន្ទាប់មកក៏ទទួលបានសញ្ញាណវិជ្ជមានពីក្រសួងមហាផ្ទៃផងដែរថា មិនចាំបាច់ពិភាក្សានោះទេ គឺក្រសួងបានទទួលយកសំណើទាំងនោះជាង៩០ភាគរយហើយ ដោយអោយរងចាំមើលសេចក្តីព្រាងថ្មី តែសេចក្តីព្រាងលើកទីមួយនេះ គឺមិនបានដាក់បញ្ចូលនូវសំណើរទាំង១០ចំនុចនោះទេ។
No comments:
Post a Comment