អតីតប្រជាពលរដ្ឋតំបន់ដីក្រហម ប្រមាណជាងពីរយនាក់ បានមកជួបជុំគ្នានៅទីតាំងដីដែលពួកគាត់ធ្លាប់រស់នៅ នៅក្នុងសង្កាត់ទន្លេបាសាក ខណ្ខចំការមន ដើម្បីរំលឹកខួបលើកទី២នៃការបណ្តេញចេញទាំងបង្ខំនៅសហគមន៍ដីក្រហមរបស់ពួកគាត់។
នៅក្នុងពិធីរំលឹកខួបគំរប់ពីរឆ្នាំ នៃការបណ្តេញចេញដោយបង្ខំនៅសហគមន៍ដីក្រហម នៅព្រឹកថ្ងៃច័ន្ទទី២៤ ខេមករា ឆ្នាំ២០១១នេះ លោកចាន់ វិចិត្រ ដែលអតីតជាអ្នកតំណាងអោយប្រជាពលរដ្ឋសហគមន៍ដីក្រហម បានមានប្រសាសន៍ថា ការដែលពួកគាត់ប្រារព្ធខួបលើកទី២ឆ្នាំ នៃការបណ្តេញចេញដោយបង្ខំនេះគឺដើម្បីរំលឹកពីការឈឺចាប់ដែលមិនអាចបំភ្លេចបាន និងដើម្បីបង្ហាញពីការរំលោភសិទ្ធិមកលើប្រជាពលរដ្ឋដោយមិនគិតពីទុកលំបាករបស់ប្រជាពរដ្ឋ ហើយរដ្ឋាភិបាលបែជាទៅបំរើផលប្រយោជន៍អោយក្រុមហ៊ុនទៅវិញ។ លោក ចាន់ វិចិត្របន្ថែមថា ការដែលបណ្តេញប្រជាពលរដ្ឋចេញទាំបង្ខំគឺដើម្បីអភិវឌ្ឈន៍ តែរយៈពេលពីរឆ្នាំមកហើយដែលការអភិវឌ្ឈន៍គឺមានត្រឹមតែរបងហុំព័ទ្ធដោយគ្មានឃើញអភិវឌ្ឈន៍អ្វីសោះឡើយ។
លោក ស្រី ឌុល ចន្ថា ដែលអតីតជាប្រជាពលរដ្ឋនៅតំបន់ដីក្រហម បានរៀបរាប់ថា ការបណ្តេញចេញគឺគ្មានសំណងណាមួយសមរម្យសំរាប់ពួកគាត់ឡើយ ដែលទង្វើររំលោភបំពានទាំបង្ខំនិងហឹង្សាបំផុតនោះពួកគាត់មិនអាចទទួលយកបានទេ ហើយលោកស្រីសូមបង្ហាញនូវភាពអយុត្តិធម៌នេះអោយបណ្តាប្រទេសនៅលើពិភពលោកបានដឹងថា ពួកគាត់មានការឈឺចាប់ហើយមិនអាចបំភ្លេចបានឡើយ។
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យេឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ IDEAដែលមានវត្តមាននៅក្នុងពិធីរំលឹកខួបពីរឆ្នាំនៃការបណ្តេញចេញរបស់អ្នកសហគមន៍ដីក្រហមលើកឡើងថា គឺជាការបណ្តេញចេញមួយក្រោមរួបភាពអភិវឌ្ឈន៍ និងការមិនទទួលខុសត្រូវពីទុក្ខលំបាននិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ខ្វះតម្លាភាព និងដើម្បីបង្ហាញអំពីការអភិវឌ្ឈន៍ក្រោមតំណក់ទឹកភ្នែករបស់រាស្រ្តខ្មែរ។
សូមរំលឹកថា ការបណ្តេញចេញទាំងបង្ខំនៅសហគមន៍ដីក្រហម គឺចាប់តាំងពីថ្ងៃទី ២៤ ខែមករា ឆ្នាំ២០០៩ ដើម្បីធ្វើការអភិវឌ្ឈន៍ ដែលតំបន់ដីក្រហមមានចំនួនលំនៅដ្ឋានរបស់ប្រជាលរដ្ឋចំនួន ១៤៤ ខ្នង និងប្រជាពលរដ្ឋជាង៤០០គ្រួសារ។
No comments:
Post a Comment