សភាពសហជីពកម្ពុជា ព្រមាននឹងសុំឲ្យអ្នកបញ្ជាទិញធំៗពីរ របស់រោងចក្រមិថុនា ឈប់ទិញទំនិញពីរោងចក្រដែលបានរំលោភសិទ្ធិកម្មករ ប្រសិនបើថៅកែរោងចក្រននេះនៅតែមិនដោះស្រាយប្រាក់បំណាច់ផ្សេងៗ តាមការទាមទាររបស់កម្មករ។
ការព្រមានរបស់ លោក រ៉ុង ឈុន ប្រធានសភាពសហជីពកម្ពុជាបានធ្វើឡើងបន្ទាប់ពីគម្រោងដង្ហែរក្បួនដឹកនាំកម្មករប្រមាណជិត ២០០នាក់ ចេញពីទីតាំងរោងចក្រមិថុនា ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ សំដៅទៅធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ ត្រូវបានបរាជ័យដោយសារកំលាំងសមត្ថកិច្ចចំរុះជាង ១០០នាក់ បានធ្វើការរារាំង។
លោក រ៉ុង ឈុន បានថ្លែងនៅចំពោះមុខកម្មករ អ្នកសារព័ត៌មានជាតិអន្តរជាតិនិងអាជ្ញាធរមានសមត្ថកិច្ចថា លោកបានរៀបចំរួចជាស្រេចហើយ ដើម្បីសុំអោយអ្នកបញ្ជាទិញធំៗចំនួនពីរ ដែលមាននៅសហរដ្ឋអាមេរិច និងសហគមន៍អឺរ៉ុប ដើម្បីអោយឈប់ទិញផលិទ្ធផលរបស់រោងចក្រនេះ ប្រសិនបើថៅកែរោងចក្រនៅតែមិនព្រមទទួលយកសំណើរអោយមានដំណោះស្រាយសមរម្យសំរាប់កម្មករទេនោះ ដោយលោកប្រកាសថាទុករយៈពេល៧ថ្ងៃសំរាប់ដោះស្រាយជូនកម្មករ។
នៅក្នុងវ៉ូងបាតុករអ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី មណ្ឌលភ្នំពេញលោក ហូរ វ៉ាន់ ក៏មានប្រសាសន៍ដូចទៅនឹងលោករ៉ុងឈុនផងដែរដោយថា លោកសូមអំពាវនាវអោយរដ្ឋាភិបាល និងរោងចក្រត្រូវដោះស្រាយករណីនេះអោយបានឆាប់ កុំអោយកម្មករជួបការលំបាក ហើយប្រសិនបើមិនមានដំណោះស្រាយជូនកម្មករទេនោះលោក ក៏នឹងស្នើអោយអ្នកបញ្ជាទិញពិចារណាសំរាប់ការទិញទំនិញពីរោងចក្រនេះផងដែរ។
អតីតកម្មការនី តំាង សោភ័ណ្ឌ ដែលបំរើការងារនៅរោងចក្រមិថុនានេះអស់រយៈពេល ១៤ឆ្នាំ ដែលចូលរួមតវ៉ានៅព្រឹកនេះលើកឡើងថា នាងចង់អោយមានដំណោះស្រាយសមរម្យ សំរាប់នាងនិងកម្មករដ៏ទៃផ្សេងទៀតដូចៗគ្នា ដោយផ្តល់អោយត្រឹម ១០០ដុល្លារ ក្នុងមួយឆ្នាំ ដោយមិនគិតតាមមាត្រាច្បាប់ការងារនោះទេ។ ហើយនាងបញ្ជាក់ថា បើមិនមានដំណោះស្រាយតាមការស្មើសុំទេនោះ នឹងបន្តធ្វើបាតុកម្មរហូតទាល់តែមានដំណោះស្រាយសម្យ។
ទាក់ទងនឹងករណីនេះអនុប្រធានរដ្ឋបាលរោងចក្រមិថុនា លោក គី សាយ មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា រោងចក្រកំពុងតែរកដំណោះស្រាយអោយកម្មករ។ ចំពោះគម្រោងដាក់លិខិតទៅអ្នកបញ្ជាទិញរបស់លោក រ៉ុង ឈុន នោះ ត្រូវលោក គី សាយ ហៅថា ធ្វើឡើងខុសនីតិវិធី ព្រោះថានៅកម្ពុជា ប្រសិនបើកម្មករមិនសុខចិត្តចំពោះដំណោះស្រាយ គឺអាចបន្តទៅក្រុមប្រឹក្សាអាជ្ញាកណ្តាល និងតុលាការបាន។
សូមជំរាបថា រហូតមកពេលនេះ កម្មករកម្មការនីរោងចក្រមិថុនា ដែលមានទីតាំងនៅផ្លូវសហព័ន្ធរុស្ស៊ី ក្នុងភូមិបុរី១០០ខ្នង សង្គាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានតវ៉ាជិត២ខែហើយ ដើម្បីអោយថៅកែរោងកច្ររកដំណោះស្រាយអោយពួកគាត់ម្នាក់ៗ ១០០ដុល្លារក្នុង១ឆ្នាំៗ បន្ទាប់ពីរោងចក្រនោះបានឆេះកាលពីថ្ងៃព្រហស្បត្តិ៍ ទី៣១ ខែមិនា ឆ្នាំ២០១១ តែរោងចក្រសម្រេចផ្តល់ប្រាក់អោយកម្មករម្នាក់ៗតែ ២០ដុល្លារប៉ណ្ណោះ ក្នុងមួយឆ្នាំ៕
No comments:
Post a Comment