បណ្តាញសហគមន៍ព្រៃឡង់ ជាង១០០នាក់ តំណាងអោយ ជាងពីរមឺនគ្រួសាររស់នៅប្រជុំខេត្តបួន ព្រះវិហារ ស្ទឹងត្រែង ក្រចេះ និងកំពង់ធំ បាននាំគ្នាជួបជុំនៅទីលានប្រជាធិបតេយ្យ ដើម្បីទាមទាចំនុចចំនួន៦ ដើម្បីអោយរដ្ឋាភិបាលមានវិធានការការពារព្រៃឡង់ដែលកំពុងទទួលរងការកាប់បំផ្លាញ។
លោក ស្វាយ ភឿន ជាប្រជាពលរដ្ឋម្នាក់រស់នៅក្នុងភូមិប៉ាលហាល ឃុំរីករាយ ស្រុករវាង ខេត្តកំពង់ធំ បានលើកឡើងថា ការដែលពួកគាត់ប្រមូលផ្តុំគ្នាដែលមានមកពីបួនខេត្តផ្សេងគ្នានេះគឺដើម្បី ទាមទាអោយរដ្ឋាភិបាល មានវិធានការការពារព្រៃឡង់ពីការកាប់បំផ្លាញផ្សេងៗ ចំនួន៦ចំនុចគឺ ទីមួយបញ្ឈប់ការផ្តល់សម្បទាននានាក្នុងតំបន់ព្រៃឡង់ ទីពីរ លប់អាជ្ញាប័ណ្ណគ្រប់វិស័យដែលបានផ្តល់ឲ្យក្រុមហ៊ុនក្នុងតំបន់ព្រៃឡង់ ទីបីលប់បំបាត់សកម្មភាពកាប់បំផ្លាញព្រៃឈើអនាធិបតេយ្យក្នុងព្រៃឡង់ ទីបួនទុកដីដែលបានឈូសឆាយឲ្យដុះឡើងវិញជាលក្ខណៈធម្មជាតិ ទីប្រាំសុំគាំទ្រនិងទទួលស្គាល់បណ្តាញសហគមន៍ព្រៃឡង់ និងទីប្រាំមួយ សុំឲ្យមានកិច្ចសហការណ៍រវាងមន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ជាមួយបណ្តាញព្រៃឡង់ក្នុងកិច្ចការពារ និងថែរក្សាព្រៃឡង់ទាំងមូលឲ្យសិ្ថតស្ថេរគង់វង្ស។
ប្រជាពលរដ្ឋម្នាក់ រស់នៅក្នុងភូមិសំអោង ឃុំមានរិទ្ធិ ស្រុកសណ្តាន់ ខេត្តកំពង់ធំ លោក សេត សឿង បានបញ្ជាក់ថា ការជួបជុំគឺដើម្បីបង្ហាញអោយប្រជាពលរដ្ឋទូទៅ មិនថានៅតាមបណ្តាខេត្ត ឬក៏នៅរាជធានភ្នំពេញនោះទេ គឺត្រូវតែដឹងថា ព្រៃឡង់គឺជាព្រៃមួយសំរាប់យើងទាំងអស់គ្នាត្រូវចូលរួមការពារ។ ហើយបើកាប់ព្រៃនោះអស់វាមានការប៉ះពាល់ដល់ការរស់នៅរបស់មនុស្ស សត្វ និងជីវចំរុះផ្សេងៗនៅទីនោះ។
អ្នកស្រី ខា ស្រស់ រស់នៅក្នុងភូមិ ទន្សោង ឃុំសៀបបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង បានច្រៀងរៀបរាប់ជាភាជនជាតិភាគតិចថា ព្រៃឡង់គឺជាអាយុជិវិតរបស់ពួកគាត់ ព្រោះព្រៃឡង់គឺជាមុខរបរ ដែលពួកគាត់ប្រកបរបរដងជ័យ បោចវល្លិ៍ បោចផ្តៅ បេះផ្លែឈើផ្សេងៗដើម្បីដោះដូរជីវភាពប្រចំាថ្ងៃ ដែលពួកគាត់មិនអាច់អត់ព្រៃឡង់បាននោះទេ ហើយត្រូវតែនាំគ្នាការពារព្រៃទាំងអស់គ្នា។
សំរាប់អ្នកតំណាងរាស្រ្តគណបក្ស សម រង្ស៊ី លោក ម៉ែន សុថាវរិន្រ្ទ មណ្ឌល់កំពង់ធំ បានមានប្រសាសន៍នៅទីលានប្រជាធិបតេយ្យថា លោកនិងខិតខំរិះរកមធ្យោបាយណា ដើម្បីជួយប្រជាពលរដ្ឋយើង ជាពិសេសនៅម្តុំព្រៃអាម៉ាហ្សូនដ៏ធំរបស់យើង ជាព្រៃឡង់ ធ្វើម៉េចអោយរដ្ឋាភិបាលយើង យល់ថា មិនមែនជាព្រៃរិចរិលនោះទេ វាជាព្រៃស្រោងធំ ជាព្រៃអាម៉ាហ្សូនដ៏ធំនៅអាស៊ីយើងនេះ
ហើយសំរាប់លោក ឈិត សំអាត នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា ក៏បានចូលរួមគាំទ្រដល់ បណ្តាញសហគមន៏ព្រៃឡង់ផងដែរ ដោយថ្លែងថា អង្គការសង្គមស៊ីវិល បន្តគាំទ្រជនជាតិដើមភាគតិច ក្នុងការស្វែងរកដំណោះរបស់ពួកគេ។
សំរាប់ការសំដែងមតិរបស់អ្នកសហគមន៍ព្រៃឡង់ គឺមានការចូលរួមពីសំណាក់ អង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ រូមជាមួយអ្នកសហគមន៍បឹងកក់ផងដែរ ដែលការជួបជុំគ្នានេះមានរយ់ពេលមួយថ្ងៃពេញ។
No comments:
Post a Comment