យុវជនត្រូវតែបញ្ចេញភាពខ្លាំងរបស់ខ្លួន! យុវជនត្រូវតែមានអំណាច និងហ៊ានប្រើប្រាស់អំណាចរបស់ខ្លួន! យុវជនត្រូវតែជាអ្នកធ្វើអោយមានការអភិវឌ្ឈន៍!

6/18/2011

វគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេត

នៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០១១ បណ្តាញយុវជនកម្ពុជា បានរៀបចំវគ្គបណ្តុះ បណ្តាល​​ស្តីអំ​ពីការ​ប្រើប្រាស់ ប្រព័ន្ធអ៊ិនធឺណេត និងអ៊ីម៉ែល ដែលកម្មវិធីនេះបានធ្វើឡើង​នៅការិយាល័យ​បណ្តាញ​យុវជន​កម្ពុជា ផ្ទះលេខ ២១៦ AB ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានីភ្នំពេញ។ វគ្គបណ្តុះបណ្តាលនេះ មានអ្នកចូលរួមទាំងអស់ចំនួន ៣៨នាក់​ដែលជា​និស្សិត​ដែលមកពីសាក​ល​វិទ្យា​ល័យផ្សេងៗហើយ ក៏មានការចូល​រួមពីសំណាក់បុគ្គលិកមន្ត្រីរាជ និងអង្គ​ការ​ក្រៅរដ្ឋាភិបាល​ផងដែរ។
កម្មវិធីបានចាប់ផ្តើមនៅម៉ោង ៨ ព្រឹក បន្ទាប់ពីការណែនាំឲ្យស្គាល់គ្នារួចមក លោក ទឹម ម៉ាឡៃ បាន​ធ្វើ​​​ការ​​​បង្ហាញពីប្រវត្តិរបស់បណ្តាញយុវជនកម្ពុជា នឹង ពីគោលបំណងនៃការបង្កើតបណ្តាញនេះ​ឡើង រួមទាំង លោក នូ ណារិទ្ធិ ក៏បានចែករំលែកពីបទពីសោធន៍ការងាររបស់​គាត់កន្លងមក​ទាក់​ទង់និង​ការ​ចូលរួមការងារជាមួយ យុវជន និងធ្វើការណែនាំដល់យុវជនទាំងអស់ឲ្យ​ខិតខំប្រឹងប្រែង​រៀនសូត្រ​ដើម្បីអភិវឌ្ឍន៍ខ្លួនឯង ក្រុមគ្រួសារ ក្នុងគោលដៅចូលរួមអភិវឌ្ឍន៍សង្គមជាតិទាំងមូល។ ក្រោយពី​ការចែក​រំលែកបទពិសោធន៍ លោក នូណារិទ្ធិ ក៏បានចាប់ផ្តើម​ធ្វើ​បទបង្ហាញពីរបៀបនៃ​ការ​ប្រើ​ប្រាស់​អ៊ីម៉ែល។

គោលបំណងនៃការបើកវគ្គបណ្តុះបណ្តាលថ្ងៃនេះ គឺចង់ចែករំលែកចំណេះដឹងដល់និស្សិត និង​យុវជន ទាំងអស់ឲ្យចេះពីរបៀបប្រើប្រាស់ផ្នែកព័ត៌មានវិទ្យា ដូចជា ការបង្កើត អ៊ីម៉ែល និងការ​ប្រើប្រាស់​អ៊ីម៉ែលតាម ប្រព័ន្ធអ៊ិនធឺណេត ដើម្បីបំពេញបន្ថែមនូវ​ចំណេះ​ដឹងរបស់​ពួកគេដែល​មាន​ស្រាប់។ ហើយសារៈសំខាន់នៃវគ្គ បណ្តុះបណ្តលនេះ គឺចង់ឲ្យ​អ្នកចូលរួមទាំងអស់​យកចំណេះ​ដឹងរបស់​ខ្លួនទៅប្រើប្រាស់ដើម្បីជាប្រយោជន៍នៅ ក្នុងការរៀនសូត្រ និងសម្រាប់​បំរើការងារនៅ​ស្ថាប័នផ្សេងៗ នឹងអាចចែករំលែកចំណេះដឹងនេះទៅមិត្តភត្តិ របស់ខ្លួនបាន។

វគ្គបណ្តុះបណ្តាលនេះបានបញ្ចប់នៅម៉ោង ១២ ថ្ងៃត្រង់ ដោយមានការបិទកម្មវិធីដោយលោក ស ម៉ូរ៉ា ដែលជាគណៈកម្មាធិការនាយកនៃបណ្តាញយុវជនកម្ពុជា ក្រោយពីលោកបានចែក​រំលែកបទ​​ពិ​សោធន៍ការងារ របស់គាត់ន្លងមក។ លោកក៏បានលើកឡើងពីសារៈសំខាន់​នៃការចូល​រួមរបស់​យុវជន ដែលជាទំពាំស្នងឫស្សី នៅក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ តាមរយៈការចូលរួមក្នុងសក​ម្មភាព​សង្គមផ្សេងៗ ។

វគ្គសិក្ខាសាលាបានបញ្ចប់ទៅ ដោយក្តីរីករាយ ហើយសិក្ខាកាមទាំងអស់សង្ឃឹមថា ពួកគេនឹងទទួល​បាននូវ​ការបណ្តុះបណ្តាលផ្សេងៗទៀតពីបណ្តាញយុវជនកម្ពុជា ហើយសន្យាថានឹងយកចំណេះដឹង​ដែលបានសិក្សារទៅប្រើប្រាស់សំរាប់ជាប្រយោជន៍នៅក្នុងការសិក្សារ និងការបំរើការងារទៅថ្ងៃមុខ។

No comments:

Post a Comment