យុវជនត្រូវតែបញ្ចេញភាពខ្លាំងរបស់ខ្លួន! យុវជនត្រូវតែមានអំណាច និងហ៊ានប្រើប្រាស់អំណាចរបស់ខ្លួន! យុវជនត្រូវតែជាអ្នកធ្វើអោយមានការអភិវឌ្ឈន៍!

2/01/2012

លិខិតសំណូមពររបស់អ្នកសហគមន៍ព្រៃឡង់

ព្រះរាជាណាចក្រកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ
------------------------
លិខិតសំណូមពរ

យើងខ្ញុំជាប្រជាសហគមន៍ដែលរស់នៅជុំវិញតំបន់ព្រៃឡង់ រួមមានខេត្តកំពង់ធំ ស្ទឹងត្រែង ក្រចេះ និងខេត្តព្រះវិហារ ភាគច្រើនជាជនជាតិដើមភាគតិចកួយ។

សូមគរពជូន

ឯកឧត្តម ចន្ទ័ សារុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ
សូមមេត្តាជ្រាប។

កម្មវត្ថុៈ សំណូមពរឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទពន្យាពេលក្នុងការ អនុមត័លើអនុក្រឹត្យស្តីពីបង្កើតតំបន់ការពារ និងអភិរក្សជីវចម្រុះ «ព្រៃឡង់» និងស្នើឲ្យមានការពិគ្រោះយោបល់ឲ្យបានទូលំទូលាយជាមួយសហគមន៍មូលដ្ឋានជុំវិញតំបន់ព្រៃឡង់ និងអង្គការសង្គមស៊ីវិល។

តបតាមកម្មវត្ថុខាងលើនេះយើងខ្ញុំសូមអនុញាតិជំរាបជូនឯកឧត្តមដូចតទៅ៖ យើងខ្ញុំទាំងអស់គ្នាមានក្តីសោមនស្សយ៉ាងក្រៃលែងដែលរដ្ឋាភិបាលបានខិតខំប្រឹងប្រែងព្រាងនូវអនុក្រឹត្យស្តីពីបង្កើតតំបន់ការពារ និងអភិរក្សជីវចម្រុះ «ព្រៃឡង់» នេះគឺអ្វីដែលយើងខ្ញុំជាប្រជាសហគមន៍រស់នៅជុំវិញតំបន់ព្រៃឡង់ចងឃើញ។ក្រោយពីបានធ្វើការពិភាក្សាគ្នាលើអនុក្រឹត្យនេះ យើងខ្ញុំបានរកឃើញនូវកង្វល់សំខាន់លើមាត្រាមួយចំនួនដូចខាងក្រោម៖
• អត្ថន័យ ក្នុងមាត្រាមួយចំនួនមិនសូវច្បាស់លាស់
• ការកំណត់ទំហំ និងនិយាមកា មិនបានធ្វើការពិគ្រោះយោបល់ជាមួយសហគមន៍ជុំវិញព្រៃឡង់ ហើយតំបន់ព្រៃស្រោងមួយចំនួនមិនបានបញ្ចូលក្នុងផែនទី
• មានភូមិជាច្រើនស្ថិតក្នុងតំបន់ការពារ
• ផ្ទៃដីកសិកម្មសហគមន៍ជាច្រើនស្ថិតក្នុងតំបន់ការពារ
• ខ្លឹមសារក្នុងមាត្រា៦ វាក្យខណ្ឌទី៦ បានចែងហាមឃាត់មិនឲ្យប្រជាពលរដ្ឋប្រមូលផល អនុផលព្រៃឈើ....។ល។
• មាត្រា៤អាចកែបាន
• មិនបានចែងឲ្យសហគមន៍ក្នុង និងជុំវិញតំបន់ព្រៃឡង់ដែលជាអ្នកទទួលផលប្រយោជន៍ផ្ទាល់ពីព្រៃឡង់មានសិទ្ធិក្នុងការចូលរួមការពារ
ឆ្លងតាមការពិភាក្សានេះយើងខ្ញុំទាំងអស់គ្នាមានការព្រួយបារម្ភថា បើរដ្ឋាភិបាលមិនបានធ្វើការពិគ្រោះយោបល់ជាចំហរជាមួយយើងខ្ញុំជាប្រជាសហគមន៍រស់នៅតំបន់ព្រៃឡង់ទេនោះ នឹងធ្វើឲ្យយើងខ្ញុំជួបផលប៉ះពាលអវិជ្ជមានជាមិនខាន ដូចជាៈ
• សិទ្ធិប្រើប្រាស់ធនធានធម្មជាតិជាលក្ខណៈប្រពៃណីត្រូវបានរិតបណ្តឹង
• ដីកសិកម្មត្រូវបានបាត់បង់
• មានការបណ្តេញចេញពីលំនៅដ្ឋាន ។ល។
• តំបន់ព្រៃស្រោងនិងមិនត្រូវបានដាក់បញ្ចូលក្នុងផែនទីនៃអនុក្រឹត្យនេះ
ឆ្លើយតបទៅនឹងការព្រួយបារម្ភខាងលើយើងខ្ញុំសូមសំណូមពរឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទមេត្តាៈ
1. ផ្តល់ពេលវេលា និងឱកាសឲ្យបានគ្រប់គ្រាន់ដល់យើងខ្ញុំ ព្រមទាំងអង្គការសង្គមស៊ីវិលបានចូលរួមពិគ្រោះយោបល់ឲ្យបានទូលំទូលាយលើអនុក្រឹត្យស្តីពីស្តីពីបង្កើតតំបន់ការពារ និងអភិរក្សជីវចម្រុះ «ព្រៃឡង់» មុនពេលអនុម័តជាផ្លូវការ។
2. ពិនិត្យ និងធ្វើការកំណត់និយាមកា(មាត្រា៣)ឡើងវិញដោយមានការចូលរួមពីសហគមន៍រស់នៅក្នុងតំបន់ព្រៃឡង់។
3. អំឡុងពេលធ្វើការពិគ្រោះយោបល់សូមមេត្តាកុំផ្តល់សម្បទាននានាក្នុងតំបន់ព្រៃឡង់ និងចាត់វិធានការបង្រ្កបការកាប់បំផ្លាញព្រៃឈើលក្ខណៈអាជីវកម្មដែលកំពុងកើតមានយ៉ាងគំហុក។
ន័យដូចបានជំរាបជូនខាងលើសូម ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទមេត្តាដោះស្រាយ និងផ្តល់ឱកាសដល់យើងខ្ញុំ។

សូម ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ជួបប្រទះតែសេចក្តីសុខខំរើន និងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពៈលៈ កុំបីឃ្លាងឃ្លាតឡើយ។

ធ្វើនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១២
តំណាងសហគមន៍ព្រៃឡង់


No comments:

Post a Comment