យុវជនត្រូវតែបញ្ចេញភាពខ្លាំងរបស់ខ្លួន! យុវជនត្រូវតែមានអំណាច និងហ៊ានប្រើប្រាស់អំណាចរបស់ខ្លួន! យុវជនត្រូវតែជាអ្នកធ្វើអោយមានការអភិវឌ្ឈន៍!

2/10/2012

សហភាពការងារកម្ពុជា និងសមាជិក រួមទាំងបណ្តាញយុវជនកម្ពុជា ចុះចែកគ្រឿងឧបភោគបរិភោគដល់ជនរងគ្រោះបុរីកីឡា

ដោយ៖ ឯម ខេមរា

 សហភាពការងារកម្ពុជា (CLC) និងសមាជិក រួមទាំងបណ្តាញយុវជនកម្ពុជា (CYN) ដែលសមាជិក​សហភាពការងារកម្ពុជា​​រួមមានៈ សមា​គម​​​ប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) សហព័ន្ធ​សហ​ជីពកម្មករ​ចំណី​អាហារ និងសេវា​កម្ម​​កម្ពុជា (CFSWF)  សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករ កាត់​ដេរ​កម្ពុជា (C.CAWDU)
សមាគមន​កសិ​ករ​ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ (FAPD) សហព័ន្ធសហជីពកម្មករ និយោជិតវិស័យ​ទេស​ចរណ៍ និងសេវា​កម្ម​កម្ពុជា (CTSWF) សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA) និងសហព័ន្ធ​សហ​ជីព​កម្មករសំណង់ និងព្រៃ​ឈើ​​កម្ពុជា BWTUC។ នៅព្រឹកថ្ងៃទី ១០ ​ខែកុម្ភៈ ឆ្នាំ២០១២ បានចុះ​​ចែកគ្រឿង​ឧបភោគបរិភោគ​ដល់​អតីត​​ប្រជាពលរដ្ឋបុរីកីឡា ប្រមាណ ១០០គ្រួសារ ដែលគ្មានផ្ទះសំបែង បន្ទាប់ពី​ត្រូវ​បាន​​បណ្តេញ​ចេញដោយ​ក្រុម​ហ៊ុន ផាន អ៊ី មិច កាល​ពីថ្ងៃទី ២-៣ ខែមករា ឆ្នាំ២០១២។
គ្រឿងឧបភោគបរិភោគដែលចែកជូននេះ​ គឺបាន​មកពី​កម្លាំងសាមគ្គី របស់សមាជិកសមាគម និង​​សហព័ន្ធសហជីព​នានារបស់សហភាពការងារ​កម្ពុជា (CLC) និង ​បុគ្គ​លិកដែលមាន​ចិត្តអាណិត​អាសូរដល់ ប្រជាពលរដ្ឋ ហើយ​​បាន​​​ចូលរួមវិភាគ​ទានផ្ទាល់ខ្លួន បន្តិចបន្តួច​ដើម្បី​ទិញ​នូវ​សំភារៈឧបភោគ​បរិភោគ​តិចតួចស្តួច​ស្តើងទាំងនេះ​ ជូនដល់ពួកគាត់ដើម្បី សម្រួលដល់ ការ​រស់នៅ​ក្រោយ​​ពី​ការបណ្តេញ​ចេញដោយ​បង្ខំ ដែលធ្វើឱ្យ​ពួកគាត់​បានបាត់បង់នូវផ្ទះសំបែង សំភារៈប្រើ​ប្រាស់ និងបាត់បង់នូវ​មុខរបរចិញ្ចឹម​ជីវិតប្រចាំ​ថ្ងៃ។ ម្យ៉ាង​វិញទៀត គឺដើម្បីបង្ហាញពីការលើកទឹកចិត្ត និង​ចូល​រួមចែករំលែកសេចក្តី​លំបាកវេទនា​ពីសំណាក់​សហភាព​ការ​ងារ​កម្ពុជាផងដែរ។
សំភារៈដែលចែកទៅដល់ពួកគាត់ក្នុងមួយគ្រួសារៗទទួលបានមួយកញ្ចប់រួមមានៈ  អង្ករបី​គីឡូក្រាម មី១០កញ្ចប់ ទឹកត្រី១ដប ទឹកស៊ីអ៊ី១ដប អំបិល១កញ្ចប់  ត្រីខ ២កំប៉ុង និងទឹក​សុទ្ធ​២ដប។
ប្រជាពលរដ្ឋរងគ្រោះម្នាក់ក្នុងចំណោមប្រជាពលរដ្ឋសហគមន៍បុរីកីឡា អ្នកស្រី ទូច វណ្ណា បាន​បង្ហាញ​​ពីទុក្ខលំបាកវេទនារបស់ខ្លួនថា ជីវភាពរស់នៅ របស់ពួកគាត់សព្វ​ថ្ងៃមានការ​លំបាក​ណាស់ ព្រោះតែ​បាត់បង់ផ្ទះសំបែង គ្មានមុខរបរ ខ្វះទឹកប្រើប្រាស់ សូម្បីតែកូនចៅ​ក៏មិន​​​បានទៅរៀនសូត្រដែរ។ គាត់បាន​បន្ថែមទៀតថា យើងខ្ញុំសូមស្នើឱ្យដ្ឋាភិបាលជួយដោះស្រាយបញ្ហាបីចំណុច​គឺៈ ទី១ សូមរដ្ឋាភិបាលជំរុញ​​ឱ្យ​ក្រុម​​ហ៊ុន​គោរព​​តាម​កិច្ច​សន្យា។ ទី២ រដ្ឋាភិបាលដោះលែងអ្នកជាប់ពន្ធធនាគា។ ហើយនិង ទី៣ គឺ​ឱ្យក្រុម​ហ៊ុន​សង​ថ្លៃការខូច​ខាត​ដល់​ពួកគាត់

រូបថតៈ ស​​ ម៉ូរី
លោក អាត់ ធន់ ប្រធានសហភាពការ​ងារ​កម្ពុជា (CLC) បាននិយាយ​ថា នេះគឺជាទឹក ​ចិត្ត​ស្តួច​​ស្តើង​របស់សមាគម និងសហព័ន្ធ​សហជីព​ទាំង​អស់​នៃ សហភាពការងារកម្ពុជា ដើម្បី​ជាការ​រួម​ចែក​រំ​លែក​​នូវ​​ទុក្ខ​​លំបាករបស់​បងប្អូនទាំង​អស់​គ្នា។ ហើយ​គាត់​ក៏បានអំពាវនាវដល់រដ្ឋាភិបាល​ដោះ​លែង​អ្នក​ជាប់​ពន្ធនាគារ និង​ជួយដោះ​ស្រាយ​បញ្ហា​​របស់​ប្រជា​ពល​រដ្ឋសហគមន៍បុរីកីឡា។
លោក ស​ ម៉ូរ៉ា ប្រធានធានសហព័ន្ធ​សហ​ជីព​កម្ម​ករ​ចំណីអាហារ និងសេវាកម្មកម្ពជា (CFSWF) បាន​លើក​ឡើងថា យើងមិនអាច​ទទួលយក​បាន​ទេ​នូវការរំលោភសិទ្ធិរបស់យើង​ទាំង​អស់​គ្នាបានទេ។​
រូបថតៈ ស​​ ម៉ូរី
លោក​បាន​​បន្តទៀតថា​ ចលនាសហជីព នឹងចូលរួម​ជា​មួយ​​​បងប្អូន​ទាំង​អស់គ្នា​ដើម្បីលើក​កម្ពស់​​ការគោរព​សិទ្ធិ​មនុស្ស ហើយ​យើង​នឹងចូល​រួម និងគាំ​ទ្រ​ដល់បង​ប្អូន​ជា​និច្ចនៅ ពេលមាន​អំពើ​អយុត្តិធម៌។ លើស​ពីនេះ​ទៅ​ទៀត លោកបាន​បន្ថែម​​ទៀតថា​ បងប្អូនមិន​នៅតែ​ម្នាក់​​ឯងទេ គឺមាន​ចល​នាសហជីព និងប្រជាពលរដ្ឋ​ដ៏ទៃ​ទៀត​ចាំជួយបងប្អូន
ក្នុងឱកាសនោះដែរ លោក វន់ ពៅ ប្រធាន​សមាគម​​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ ​(IDEA) បានមានប្រសាសន៍ថា​ នេះគឺជា​ជំហាន​ដំបូង​ដែលយើងបានចូលរួមចែក​រំលែក​នូវទុកលំបាកទេវនា​របស់​បងប្អូន ហើយយើង​នឹងជួយការពារ​នូវការរំ​លោភ​សិទ្ធិរបស់បងប្អូនតទៅទៀត។ លោកបន្តថា យើង ​ត្រូវ​​មានការសាមគ្គីគ្នា​ដើម្បីការពារសិទ្ធិ និងកា​រពារ​ផល​​ប្រ​​យោជន៍ជូនប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប ហើយ​យើង​ស្នើ​សុំឱ្យរដ្ឋាភិបាលដោះ​ស្រាយបញ្ហា​របស់​ប្រជា​ពល​រដ្ឋបុរីកីឡាដែលកំពុងរងទុក្ខវេនាទាំងនេះ

No comments:

Post a Comment