សិស្សមួយចំនួនសម្រេចចិត្តទៅតាមក្តីប្រាថ្នារបស់ឪពុកម្តាយដែល មិនដឹងពីសមត្ថភាពរបស់កូននេះ ជាហេតុនាំឲ្យពួកគេអាចបោះបង់ចោលការសិក្សា។ដោយឡែក សិស្សមួយចំនួនទៀតបានសម្រេចចិត្តទៅតាមតម្រូវការនៃទីផ្សារដោយមិន មើលពីសមត្ថភាពរបស់ខ្លួនទេ នេះជា ហេតុផលមួយទៀតនាំអោយពួកគេមិនបានទទួលជោគជ័យនៅក្នុងជីវិត។ នេះជាអ្វីដែលបាននិងកំពុងកើតមាននៅកម្ពុជា។
ការជ្រើសរើសបន្តការសិក្សានៅកម្រិតឧត្តមសិក្សាមុខវិជ្ជាដែលសិស្ស រៀន ភាគច្រើននោះ គឺធនាគារ ហិរញ្ញវត្ថុ គណេនយ្យ ទីផ្សារ ភាសាអង់គ្លេស គ្រប់គ្រង និងច្បាប់។ ការកង្វះខាតនូវពត៌មាននៃការសិក្សានៅកម្រិតឧត្តមសិក្សារបស់សិស្ស ធ្វើឲ្យពួកគាត់ជ្រើសរើសមុខវិជ្ជាដែលមិនសមបំណងរបស់ខ្លួន។ សិស្សខ្លះ ជ្រើសរើសទៅតាមការអូសទាញរបស់មិត្តភ័ក្តិ ហើយខ្លះទៀតតាមឪពុកម្តាយរបស់ពួកគេ។
លោកបណ្ឌិត សុខ ទូច សាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមរៈមានប្រសាសន៍ថា សិស្សដែលបញ្ចប់បាក់ឌុបមិនបានជ្រើសរើសមុខវិជ្ជាដែលខ្លួនស្រឡាញ់ និងពេញចិត្តនោះទេ។ ភាគច្រើន ពួកគេជ្រើសរើសទៅតាមតែទីផ្សារការងារសព្វថៃ្ង តាមអ្នកដែលផ្តល់លុយអោយ និងតាមរយៈមិត្តភ័ក្តិ។ លោកថា ពួកគេនឹងប្រឈមមុខជាមួយនឹងកង្វះការងារធើ្វ និងធ្វើការងារមិនត្រូវតាមមុខជំនាញរបស់ខ្លួននាពេលអនាគត។
ការជ្រើសរើសមុខវិជ្ជាខុសក្នុងការបន្តការសិក្សានៅកម្រិតឧត្តម សិក្សាពិតជាមានផលប៉ះពាល់ យ៉ាងខ្លាំងដល់សង្គមដូចជា ភាពគ្មានការងារធើ្វការ តាមមិនទាន់នៃបច្ចេកវិទ្យានៅពេល បច្ចុប្បន្ន អនាគត និងការប្រឈមចំពោះទីផ្សារសេរីនៃអាស៊ានឆ្នាំ២០១៥ ។ យ៉ាងណាក៏ដោយ ក្រសួងអប់រំក៏បានចាប់អារម្មណ៍លើបញ្ហានេះដែរ។
លោក សំ សេរីរត្ន័ អគ្គនាយកដ្ឋានអប់រំនៃក្រសួងអប់រំមានប្រសាសន៍ថា ក្រសួងអប់រំបានណែនាំទៅដល់សិស្សទាំងអស់អំពីមុខវិជ្ជានីមួយៗដែល ពួកគេត្រូវជ្រើសរើសរួចហើយ ប៉ុន្តែ ការសម្រេចចិត្តយ៉ាងណានោះវាអាស្រ័យទៅលើសិស្សទាំងអស់នោះ ថាតើមុខវិជ្ជាមួយណាដែលពួកគេពេញចិត្ត។
ការសម្រេចចិត្តដែលត្រឹមត្រូវទាមទារឲ្យសិស្សទទួលបានព័ត៌មានច្រើន ពីមុខវិជ្ជាដែលខ្លួនបម្រុងនឹងរៀនតាមរយៈសាកលវិទ្យាល័យនីមួយៗដែល ខ្លួនចង់ទៅរៀន និងការសាកសួរអ្នកដែលធ្លាប់មានបទពិសោធន៍ពីមុនមក។ ការជ្រើសរើសមុខវិជ្ជាដែលត្រូវនឹងសមត្ថភាព និងចំណង់ចំណូលចិត្តរបស់ខ្លួនគឺជាការត្រៀមរៀបចំអនាគតរបស់ខ្លួន សម្រាប់ទីផ្សារការងារនាពេលខាងមុខ។ នេះជាដំបូន្មានរបស់ក្រុមអ្នកជំនាញ៕
http://www.khmer.rfi.fr/les-etudiants-du-bac-inquietent-leur-etudes-uniniversite
No comments:
Post a Comment