យុវជនត្រូវតែបញ្ចេញភាពខ្លាំងរបស់ខ្លួន! យុវជនត្រូវតែមានអំណាច និងហ៊ានប្រើប្រាស់អំណាចរបស់ខ្លួន! យុវជនត្រូវតែជាអ្នកធ្វើអោយមានការអភិវឌ្ឈន៍!

9/22/2012

សន្តិភាព ធំធេងប៉ុណ្ណា ចំពោះយុវជន?

“សម្រាប់ខ្ញុំ សន្តិភាពគឺមានទំហំធំធេងណាស់ ហើយសន្តិភាព មិនមែនតែផ្នែកនយោបាយនោះទេ តែសន្តិភាព ក៏ត្រូវស្ថិតនៅក្នុងសង្គមគ្រួសាររបស់ប្រជាជនកម្ពុជាផងដែរ”។ ទាំងនេះគឺជាការបង្ហាញ ចំណាប់ អារម្មណ៍ របស់យុវជន ស ម៉ូរី និស្សិតឆ្នាំទី៤ នៃ សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ក្នុងឪកាសចូលរួមអបអរសារទ ទិវាសន្តិភាពអន្តរជាតិ នៅក្បែរព្រះអង្គដងកើកាលពីព្រឹកម្សិលមិញ។


ក្នុងពិធីអបអរសារទ ដែលមានការចូលរួមពីនិស្សិតប្រមាណ១០០នាក់ មកពីមហាវិទ្យាល័យនានានោះ គ៏មានការនិមន្តចូលរួមពីព្រះសង្ឃ តាជី និងយាយជី និងបងប្អូនឥស្លាម ព្រមទាំងគ្រិស្តបរិស័ទផងដែរ។
យុវជន ស ម៉ូរី បានបន្ថែមថា៖ ”ប្រសិនគ្មានសន្តិភាពទេ ពិតណាស់ សង្គមជាតិទាំងមូលនឹងគ្មានទេការអភិវឌ្ឍរីកចម្រើននោះទេ ដូចនេះក្នុងនាមយុវជនជំនាន់ក្រោយ ខ្ញុំចង់ឲ្យ មានសន្តិភាព ស្ថេរភាព និង ការអភិវឌ្ឍស្ថិតស្ថេរយូរអង្វែង”។





















កៅ ច័ន្ទសុទ្ធា អតីតនិស្សិត សាកលវិទ្យាល័យភូមិន្ទ នីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនប្រហាក់ប្រហែលយុវជនខាងលើផងដែរ ថា សន្តិភាពធ្វើឲ្យប្រទេសមានភាពរីកចំរើន ជាពិសេសមិនបង្កហិង្សា នៅក្នុងសង្គម មានការគោរពសិទ្ធិគ្នាទៅវិញទៅមក។ សុទ្ធា បន្ថែមថា៖ “ដូចដឹងស្រាប់ហើយ កន្លងមកសង្គ្រាមបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរជាច្រើនម៉ឺននាក់ស្លាប់ ហើយបានបង្កឲ្យមានភាពឈឺចាប់ និងខ្លោចផ្សាជាទីបំផុតសម្រាប់ប្រជាជនខ្មែរ ដូច្នេះមនុស្សគ្រប់រូបត្រូវការសន្តិភាព ស្រឡាញ់សន្តិភាព និងពេលខ្លះសុខចិត្ត លះបង់ជីវិតដើម្បីបានសន្តិភាព ហើយចង់បានស្ថិតស្ថេរគង់វង្ស ក្នុងផ្នត់គំនិតរបស់យុវជនជំនាន់ក្រោយគ្រប់ៗទៅថ្ងៃអនាគត់”។
ឯម ខេមរា ជាយុវជនស្ម័គ្រចិត្តមកពីបណ្តាញយុវជនកម្ពុជា បាននិយាយដែរថា៖ ”សន្តិភាពមានន័យខ្លាំងណាស់សម្រាប់ជីវិតខ្ញុំ និងប្រជាពលរដ្ឋទូទាំងប្រទេស ដូច្នេះខ្ញុំចង់ស្នើទៅយុវជនទាំងអស់ត្រូវចេះស្រឡាញ់សន្តិភាព និង ធ្វើយ៉ាងណាត្រូវចេះផ្សព្វផ្សាយសារសន្តិភាពទៅអ្នកដ៏ទៃ ដើម្បីប្រទេសរបស់យើងទទួលបានសន្តិភាព និង ការអភិវឌ្ឍ”។

កាលពីព្រឹកម្សិលម៉ិញនេះ ក្រុមការងារដើម្បីសន្តិភាព និង អង្គការមួយចំនួន រួមទាំងតំណាងសាសនាផង បានរៀបចំប្រារព្ធទិវាសន្តិភាព នៅតាមខេត្តក្រុងចំនួន៨ ដែលក្នុងនោះមាន រាជធានីភ្នំពេញ ខេត្ត បន្ទាយមានជ័យ បាត់ដំបង កំពង់ឆ្នាំង កំពង់ចាម កំពង់ស្ពឺ ព្រះវិហារ និងខេត្តសៀមរាប ដែលមានអ្នកចូលរួមពីចំនួន១០០ ទៅ៥០០ នាក់ ក្នុងខេត្តនីមួយៗ។ ក្នុងរាជធានីភ្នំពេញ ក្រុមការងារសន្តិភាព និងតំណាងសាសនាផេ្សងៗរួមមានព្រះពុទ្ធសាសនា គ្រឹះសាសនា និងឥស្លាម ព្រមទាំងអ្នកស្រឡាញ់សន្តិភាព ដែលភាគច្រើនជាក្រុមយុវជនមកពី សាកលវិទ្យាល័យផេ្សងៗបានរៀបចំសារទរ ទិវាសន្តិភាពអន្តរជាតិនៅបរិវេណព្រះអង្គដងកើ ដែលក្នុងពិធីនោះក៏មានការបួងសួងអធិដ្ឋានឲ្យមានសន្តិភាពនៅក្នុង ដួងចិត្តរបស់មនុស្សគ្រប់រូប ដើម្បីឲ្យប្រទេសកម្ពុជា និងពិភពលោកទាំងមូលមានសន្តិភាពជានិរន្តរ៍តទៅ៕

http://news.sabay.com.kh/articles/304792

No comments:

Post a Comment